ព័ត៌មានជាតិ

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវរត្តន៍ ត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀន ជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវរត្តន៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ១៦៤៦នាក់ លើជំនាញចំនួន ៩ មានដូចជា ផលិតនំ ធុរកិច្ចភេសជ្ជៈ ធ្វើម្ហូប សេវាកម្មសម្អាងកាយ ម៉ាស៊ីនត្រជាក់ អគ្គិសនី ក្រាហ្វិលឌីសាញ សេវាកម្មកុំព្យូរទ័រ ការតបណ្តាញទឹកក្នុងអាគារ។

លោកបន្តថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវរត្តន៍ នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលបានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោរពេញទៅដោយសមត្ថភាពផងដែរ។

លោកបន្ថែមថា៖«ជំនាញទាំងអស់របស់វិទ្យាស្ថាន ជាជំនាញដែលសិស្សមានការងារធ្វើល្អសមរម្យ និងទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ការសិក្សានៅទីនេះ» ។

គូរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ។

ទន្ទឹមនឹងនេះ លោក តាន់ កុសល បានអំពាវនាវទៅដល់យុវជនដែលមិនទាន់ចុះឈ្មោះចូលរៀនស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា៕

To Top