ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងព័ត៌មាន ឆ្លើយតបទៅនឹង Camboja

ភ្នំពេញ: អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បាន ប្រតិកម្មតប ផ្ទុយពីអ្វីដែលcamboja លើកឡើង អ្នកសារព័ត៌មានទាំងអស់ មានសេរីភាពពេញលេញ ក្នុងការប្រកបអាជីពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា និងអនុវត្តសកម្មភាពការងារបាន ដោយគ្មានការរំខានឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃសៅរ៍នេះ លោកអស្នារិទ្ធ លើកឡើងថា អ្នកសារព័ត៌មាន បាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព។

លោកបន្ថែមថា « ខ្ញុំសូមអរគុណដល់បងប្អូនអ្នកសារព័ត៌មាន ដែលកន្លងមក បានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានល្អ និងបានប្រកបការងារដោយមិនបំពានលើសតួនាទីខ្លួនជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងបានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងដែនដែលច្បាប់បានកំណត់»។

អ្នកនាំពាក្យបន្តថា សេរីភាពសារព័ត៌មាន មិនឋិតនៅលើការនិយាយរបស់អ្នកណា ឬក្រុមណាមួយនោះទេ ជាពិសេស សកម្មភាពទាំងឡាយណាដែលមានចរិក និងរបៀបវារៈនយោបាយ។ ហើយសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិនិងទទួលបានព័ត៌មាននៅកម្ពុជា ត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើ ការផ្តល់ការគាំពារ និងការការពារសិទ្ធិដល់អ្នកសារព័ត៌មាន និងការលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចាញមតិ និងសេរីភាព ក្នុងចូលរួមក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

លោក ក៏សូម លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឲ្យបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីបំពេញតួនាទី វិជ្ជាជីវៈរបស់ឲ្យមានប្រសិទ្ធភាព៕

To Top