ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានចេញអនុក្រឹត្យ ដំឡើង របបឧបត្ថម្ភប្រចាំខែ ដល់អ្នកក្នុងបន្ទុកសពមន្រ្តីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ចាប់ពីថ្ងៃទី១ មករាតទៅ។
យោងតាម អនុក្រឹត្យស្តីពីការដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់ សពមន្ត្រីរាជការស៊ីវិល សពអតីតមន្រ្ដីរាជការស៊ីវិល និងសពអតីតយុទ្ធជន បានបញ្ជាក់ថា ត្រូវបានដំឡើង របបឧបត្ថម្ភប្រចាំខែសម្រាប់៖ កូននៅក្នុងបន្ទុក របស់សពមន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ពី ១០ ០០០រៀល ទៅ ៣០ ០០០រៀល ក្នុងកូនម្នាក់
ប្រពន្ធ ឬប្ដី នៅក្នុងបន្ទុករបស់សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ពី ១៥ ០០០រៀល ទៅ ៣០ ០០០រៀល ឪពុក ម្ដាយ ឬអាណាព្យាបាល នៅក្នុងបន្ទុករបស់សពអតីតយុទ្ធជន ពី ៨ ០០០រៀល ទៅ ៣០ ០០០រៀល។
ការដំឡើងរបបឧបត្ថម្ភប្រចាំខែនេះ មានគោលបំណងដំឡើងរបបឧបត្ថម្ភប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល សពអតីតមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ដើម្បីជួយសម្រាលការលំបាកផ្នែក ជីវភាពរស់នៅរបស់ជនទាំងនេះ៕