ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ អំពើជួញដូរមនុស្សបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ បង្ហាញពីភាព​ភ័យខ្លាច និងស្អប់ខ្ពើម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទេសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២ ខែមករាឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ នៅក្នុងបរិវេណវត្តជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក្នុងនោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺក្នុងគោលបំណង បញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិទាំងឡាយឲ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម។

អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទគឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស។ នេះជាកង្វល់ថ្មី ទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បាននិងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្ដើរៗ ឲ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការីកដុះដាលនៃបទល្មើស ដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ។

ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ ដែលត្រូវថ្លឹងថ្លែង អំពីផលចំណេញ និងផលប៉ះពាល់ ដែលគប្បីធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ ជាមួយគ្នានេះខ្ញុំសូមថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី នៃមន្ទីរអង្គភាព ក្រុង ស្រុក អង្គការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គ ដើម្បីធ្វើឲ្យសម្រេចកិច្ចការជាច្រើន គួរជាទីមោទនៈ៕

To Top