ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដល់អនុសាសន៍៦ចំណុច ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាព

រូបភាព៖​ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍៦ចំណុច ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាព សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ មានគុណភាព និងនិរន្ដរភាព។

អនុសាសន៍ទាំង៦នោះរួមមាន៖
១/
រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទសម្រាប់ជំនួសឲ្យវត្ថុធាតុដើមក្នុងស្រុកដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត
២/ រៀបចំផែនការបុរេសកម្មសម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ
៣/ សិក្សាស្ថានភាពភូមិសាស្រ្ដ និងគំរូប្លង់, ត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការសាងសង់, ត្រួតពិនិត្យវត្ថុធាតុដើម, ត្រួតពិនិត្យគ្រឿងចក្រសម្រាប់ស្ថាបនា, និងការវាយតម្លៃគុណភាពតាមសំណាកគំរូដែលយកពីមន្ទីរពិសោធន៍ត្រឹមត្រូវ
៤/ ថ្នាក់ដឹកនាំ និងមន្រ្ដីអនុវត្តគម្រោងស្ថាបនាផ្លូវត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ដគម្រោងឲ្យបានទាន់ពេលវេលាតាមកិច្ចសន្យាសាងសង់
៥/ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវពិនិត្យ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្ទីរជំនាញពាក់ព័ន្ធ លើការរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវ និងផែនការសកម្មភាពប្រចាំឆ្នាំដើម្បីអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់នានា
៦/ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវលើកផែនការថែទាំខួប លើខ្សែផ្លូវដែលគ្រោងស្ថាបនាដោយដៃគូអភិវឌ្ឍន៍ មុនពេលគម្រោងចាប់ផ្ដើមអនុវត្ត។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ថា តាមរយៈការត្រួតពិនិត្យ និងសិក្សានាពេលកន្លងមក បង្ហាញថាមូលហេតុចម្បងចំនួន៤ ដែលបណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរងការខូចខាត រួមមាន ៖ បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ, ការប្រែប្រួលអាកាសធាតុ, ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ និងលើករបៀបវារៈនៃនៃដំណោះស្រាយលើការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍, ការទទួលខុសត្រូវត្រ្ទតពិនិត្យគុណភាពផ្លូវ និងការស្វែងរកបច្ចេកវិទ្យាថ្មី៕

To Top