ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅបារាំង ​រយៈពេល​២ថ្ងៃ

ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ ​លោក អេម៉ានុយអែល ម៉ាក្រុង​ ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ នឹងអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩​ ខែមករា​ ខាងមុខនេះ​។

យោងតាមលិខិតរបស់ លោកប្រធានាធិបតី ម៉ាក្រុង ផ្ញើរជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣ ដែលបានបកប្រែជាភាសាខ្មែរ បញ្ជាក់​ថា ខណៈដែលព្រះរាជទស្សនកិច្ច របស់ព្រះមហាក្សត្រនៅប៉ារីស កាលពីខែមុនបានរំឭកឡើងវិញ នូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខ។

លោក ម៉ាក្រុង បានបន្ថែមថា ទស្សនកិច្ចជាលើកទីមួយនេះ នៅប្រទេសបារាំង ចាប់តាំងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនង រវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។

លោកប្រធានាធិបតី ប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។

លោកបន្ថែមថា ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យភាគីទាំងពីរ ពិនិត្យមើលមធ្យោបាយនានា ដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញ នៃបណ្តារដ្ឋទាំងអស់។

ក្នុងសារលិខិត​លោក ម៉ាក្រុង ក៏បានបង្ហាញនូវក្តីគោរពនឹករលឹករបស់លោក ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីផងដែរ៕

To Top