ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំង ក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំង សមាជិកព្រឹទ្ធសភា

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤បានចេញសេចក្តីសម្រេច ចាត់តាំងក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតព្រឹទ្ធសភា នឹងមកដល់នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ។

ច្បាប់បោះឆ្នោតព្រឹទ្ធសភា បានកំណត់ថា ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា។ កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយ​នាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ព្រឹទ្ធសភា មានចំនួន​សមាជិកយ៉ាងច្រើនស្មើនឹង​ពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា​ទាំងមូល។ ក្នុងនោះ សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានរដ្ឋសភាជ្រើសតាំង​តាមមតិភាគច្រើនដោយប្រៀប​។ ចំពោះសមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយ​ការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើស​ឆ្នោតជាសម្ងាត់​៕

To Top