ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ ចុះពិនិត្យវឌ្ឍន ភាពគម្រោង​សាងសង់ប្រព័ន្ធធារាសាស្ត្រ​ ក្នុងភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា​ ឆ្នាំ​២០២៤​ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម​​​ថ្នាក់ដឹកនាំ​ ​​មន្ត្រីជំនាញ​បច្ចេកទេសក្រសួង​ និងមន្ទីរ​​ ​​បាន​អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោង​សាង​សង់​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង​។

ក្នុងឱកាសនោះ​​ លោករដ្ឋមន្ត្រី​​ រួមជាមួយ​​លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាល​ខេត្តស្វាយរៀង ​ថ្នាក់ដឹកនាំ​​ ​មន្ត្រី​បច្ចេក​ទេសក្រសួង និង​​មន្ទីរធនធាន​ទឹក​​និងឧតុនិយម​​​​ ​ខេត្ត​​ស្វាយរៀង​ ​​បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្តដូនទយ ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ​ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង។

សូមជម្រាបថា​ ប្រព័ន្ធធារាសាស្រ្តដូនទយត្រូវ​បានជួសជុល និងស្ដារឡើងវិញនៅឆ្នាំ​២០១១​ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ មានបរិមាណទឹក ១៧លានម៉ែត្រត្រីគុណ មានផ្ទៃដីស្រោចស្រពសរុប ៧​ ២​៣​៩​​ហិកតា ក្នុង​នោះ​ស្រូវវស្សាចំនួន ៦​ ​០៤៩ហិកតា និងស្រូវប្រាំងចំនួន ១​​ ១៩០ហិកតា​។

ក្នុងថ្ងៃដដែល​​​ លោករដ្ឋមន្ត្រី​​ រួមជាមួយ​​​លោក​​ ប៉េង ពោធិ៍សា អភិបាល​នៃគណៈអភិបាល​ខេត្ត​ស្វាយរៀង​ ​ឯកឧត្តម​ថ្នាក់ដឹកនាំ​​ ​មន្ត្រី​បច្ចេក​ទេសក្រសួង និង​​មន្ទីរធនធាន​ទឹក​ ​​និងឧតុនិយម​​​​ ​ខេត្ត​​ស្វាយរៀង​ ក៏​បានអញ្ជើញចុះ​​​ពិនិត្យ​​​ជាក់ស្តែង​វឌ្ឍន​ភាព​ការងារ​គម្រោង​អភិវឌ្ឍន៍​​ប្រព័ន្ធ​ស្រោច​ស្រព​​វ៉ៃគោ​ជំហាន២ (អាងទឹកកំពង់ជ្រៃ)​​ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមបញ្ជាក់​ថា​ ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២ នេះរួម​មាន៖ ទី១)ជីកព្រែក ២ខ្សែ សរុបប្រវែង ១៤,៦ គីឡូម៉ែត្រ ទី២)​សាងសង់ប្រឡាយមេ ៤ ខ្សែ សរុបប្រវែង ៥៩,៥ គីឡូម៉ែត្រ ទី៣)​សាង​​សង់​ទំនប់​សណ្ត​ប្រវែង ៤១,៥ គីឡូម៉ែត្រ ទី៤)​សាងសង់សំណង់បង្ហៀរ ចំនួន ១កន្លែង សំណង់​ស្ទាក់​ទឹក ៦កន្លែង និងសំណង់សម្រួលចរន្តទឹក ៨កន្លែង​ និង​ ទី៥)សាងសង់ស្ថានីយបូមទឹក ចំនួន ៤កន្លែង និងសំណង់លូទឹក ៣២កន្លែង។

លោករដ្ឋមន្ត្រី​បានឱ្យដឹងថា​ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ​គឺ​​​ក្នុងគោលបំណង​ ​ដើម្បី​នាំទឹក​ទន្លេមេគង្គ​តាមរយៈ​ ផ្នែក​ខាង​លើ​ទន្លេតូច​ តាម​ព្រែក​​កំពង់ត្របែក និង​ព្រែក​ជីកថ្មី ​និងដើម្បីពង្រីកផ្ទៃដី​ស្រោចស្រព​ឱ្យមាន​សក្តានុពលអាចបង្កើនផលិតភាព​​​ និង​ប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយ​លើកស្ទួយ​កម្រិតជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​​ឱ្យ​កាន់តែមានភាព​រីកចម្រើន​​​​និងជំរុញកំណើនសេដ្ឋកិច្ចជាតិ​ ​ស្រប​តាមយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់​កាលទី១​ នៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ត្រីបានថ្លែងនូវការ​កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាព​ការងារ​ដែល​សម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និង​ក្រុមការងារ​បច្ចេកទេស​ឱ្យបន្ត​នូវកិច្ចសហការល្អ​​ជាមួយអាជ្ញាធរមូលដ្ឋាន​ និង​​គ្រប់ភាគីពាក់ព័ន្ធដោយ​ធ្វើយ៉ាងណាឱ្យការងារ​គម្រោង​នេះ​សម្រេចបានជោគជ័យ​ប្រកបដោយគុណភាពខ្ពស់ និង​​ប្រើប្រាស់បានយូរអង្វែង ដើម្បី​​បម្រើដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋក្នុងតំបន់។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការងារ​ ប្រធានមន្ទីរធនធានទឹក​ ​និងឧតុនិយមខេត្តស្វាយរៀង លោក គឹម សាវុធ​ បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី​ ទី១)​​ស្តារ​ប្រឡាយ​ដោះ​ទឹ​កដូនទយប្រវែង​​ ១៣​ ៧០០ម៉ែត្រ និង​សំណង់​​ដោះទឹកចំនួន​ ៩កន្លែង ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយ​រៀង និង​​ ទី​២)​សាងសង់​ប្រឡាយដោះទឹកប្រវែង ៥​ ២៩១ម៉ែត្រ សាងសង់សំណង់ដោះទឹក លូជ្រុងឆ្លង​ប្រឡាយ​ចំនួន ៤កន្លែង សាងសង់សំណង់​លូទ្វារ​ទឹកឆ្លង​ភ្លឺ​ប្រឡាយចំនួន ២កន្លែង សាងសង់​សំណង់លូទ្វារទឹក​ឆ្លង​កាត់​ទំនប់ចំនួន​ ​១កន្លែង សាងសង់សំណង់​លូជ្រុ​ង​ទ្វារទឹកឆ្លងកាត់ទំនប់ចំនួន ១កន្លែង និងសាងសង់​សំណង់​ដោះទឹក​លូជ្រុងដោះទឹកប្រវែង ២១៥ម៉ែត្រ ចំនួន​ ១កន្លែង ដើម្បីបំពាក់​នៅ​លើប្រព័ន្ធស្រោច​ស្រព​​វ៉ៃគោ (អាងទឹកកំពង់ជ្រៃ)​ ​សម្រាប់ដោះទឹកជំនន់នៅរដូវវស្សា(ជំនន់​ទឹក​ភ្លៀង)​​​ បានទាន់ពេលវេលា​ក្នុង​ភូមិសាស្ត្រ​ឃុំឈើទា​ល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម​បានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែល​មាន​ប្រភពទឹកមកពីទន្លេមេគង្គ​ ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តចំនួន៣ គឺខេត្ត​កំពង់ចាម​​ ខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង​​។​ ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃគោ​ដែល​ទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់​ក្នុងឆ្នាំ​២០១៦ ស្ថិត​នៅ​តំបន់​ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាង​ជើងខេត្តព្រៃវែង មាន​ផ្ទៃរង​ទឹក​ ​៧៩៥​ ០០០គីឡូម៉ែត្រការ៉េ​ ​មាន​លទ្ធភាពផ្គត់ផ្គង់ទឹក​ស្រោច​​​ស្រពបានទំហំ ១០៨​ ៣០០ហិកតា​នៅ​រដូវ​វស្សា​ និង​ ​២៧០​ ១០០ហិកតានៅរដូវប្រាំង។​ ជំហានទី២ ចាប់ផ្តើម​ក្នុងឆ្នាំ​២០១៧ និងបញ្ចប់ក្នុង​ឆ្នាំ​២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិច​ខេត្ត​ស្វាយ​រៀង មានផ្ទៃរងទឹក ៧៩​៥០០០ គីឡូម៉ែត្រការ៉េ​ មានលទ្ធភាពផ្គត់ផ្គង់ទឹក​ស្រោច​ស្រពបានទំហំ​ ៩៣​ ១០០​ហិកតា​នៅរដូវ​វស្សា​ និង​ ២៣៣០០ហិកតានៅរដូវប្រាំង៕

To Top