ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ៖ តេឡេក្រាមជ្រើសរើសពលករ នៅអ៊ីស្រាអែលឈ្មោះ MEAN Sodara ខុសច្បាប់

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មានជនបោកប្រាស់ប្រើបណ្តាញសង្គម ដើម្បីជ្រើសរើសពលករទៅធ្វើការ នៅអ៊ីស្រាអែលខុសច្បាប់។ នេះបើតាមបណ្តាញតេឡេក្រាម របស់លោករដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។

លោកថា៖ “មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារ នៅប្រទេសអ៊ីស្រអែល ដោយខុសច្បាប់”។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បាន បញ្ជាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀង ក្នុងការបញ្ជូនពលករទៅធ្វើការ នៅប្រទេសអ៊ីស្រអែលនៅឡើយ ពោលគឺយើងកំពុងស្ថិតនៅក្នុង ដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការ នៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។

លោកបន្តថា៖ “ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុសប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយ នៅតេលេក្រាមកាណល់ ISRAEL WORK 2024 ឱ្យសោះ។ ក្រសួង កំពុងធ្វើការជាមួយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីចាត់វិធានការណ៍ដល់បុគ្គលពាក់ព័ន្ធ”។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការជូនដំណឹងជាសាធារណៈ នៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ៕

To Top