ភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់រដ្ឋសភានីតិកាលទី៧នេះ បានសម្រេចបង្កើតឡើងគ្រុបតេឡេក្រាមអ្នកនាំពាក្យមួយ ដើម្បីឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៍មាន។
ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋសភាបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលការអនុវត្តការងាររបស់រដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រឹកថ្ងៃទី៤ ខែមករា ។
អ្នកនាំពាក្យរដ្ឋសភាបន្តថា សម្រាប់នីតិកាលទី៧នេះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានណែនាំឲ្យបង្កើតឡើងនូវក្រុមអ្នកនាំពាក្យមួយច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការធ្វើទំនាក់ទំនង ជាមួយអ្នកសារព័ត៍មាន ដោយអ្នកសារព័ត៍មានចាប់ពីពេលនេះតទៅគឺ អាចទាក់ទងមកតាមគ្រុបតេឡេក្រាមអ្នកនាំពាក្យរដ្ឋសភាបាន ដើម្បីសាកសួរពីព័ត៍មានផ្សេងៗ។
លោកគូសបញ្ជាក់ថា «ការបង្កើតឡើងនូវគ្រុប តេឡេក្រាម អ្នកនាំពាក្យរដ្ឋសភានេះគឺជាការល្អ ក្នុងការធ្វើទំនាក់ទំនង រវាងស្ថាប័នរដ្ឋសភា ជាមួយនឹងបងប្អូនដែលជាអ្នកសារព័ត៍មាន ហើយថា អ្នកនាំពាក្យអាចនឹងឆ្លើយបានល្អ នៅពេលណា ដែលអ្នកនាំពាក្យបានដឹងសំណួរ មុនពីអ្នកសារព័ត៍មាន ។ ឆ្លើយបានល្អ ព្រោះយើងបានដឹងសំណួរមុន យើងមានពេលវេលារៀបចំជាឯកសារ រៀបចំជាចម្លើយសម្រាប់ ឆ្លើយតបទៅនឹងសំណួរជាដើម»។
ជាមួយគ្នានោះដែរ លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា អ្នកសារព័ត៍មានមានតួនាទីសំខាន់នៅក្នុងលទ្ធិប្រជាធិបតេយ្យ។ អ្នកសារព័ត៍មាន គឺជាអ្នកបំរើសិទ្ធិ ក្នុងការដឹង ក្នុងការឮរបស់ប្រជាពលរដ្ឋ ។ នេះមាន ន័យថា អ្នកសារព័ត៍មាន គឺជាអ្នកនាំយកដំណឹងសព្វបែបយ៉ាងទៅជម្រាបជូនពលរដ្ឋ។
ដូច្នេះហើយ លោកក៏បានសំណូមពរដល់អ្នកសារព័ត៍មានផ្សព្វផ្សាយតែដំណឹងពិត ដើម្បីជាផលប្រយោជន៍ សម្រាប់សង្គមជាតិទាំងមូល កុំផ្សព្វផ្សាយនូវដំណឹងដែលមិនពិត៕