ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧ នេះបានសហការគ្នា ទប់ស្កាត់បទល្មើសជួញដូរមនុស្ស មកកាន់កម្ពុជាដោយការដាក់ផ្ទាំង អក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា ទិដ្ឋាកាទេសចរណ៍ មិនអនុញ្ញាតឱ្យធ្វើការ នៅប្រទេសកម្ពុជាបានទេ។

ដើមចមដែលធ្វើឱ្យ មានការដាក់ផ្ទាំងអក្សរនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើ របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅកាន់ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងអគ្គនាយកដ្ឋាន ជំនាញដើម្បីដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” នៅតាមច្រកអន្តរជាតិទាំងអស់ របស់កម្ពុជា។ នេះបើតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីដដែល។
លោកបន្ថែមថា “នេះជាយន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជនបរទេស ដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិនដឹងថាទិដ្ឋាការបស់គាត់មិនត្រូវបានអនុញ្ញាត ឱ្យមកធ្វើការនៅប្រទេសកម្ពុជា ដោយស្របច្បាប់ ជាពិសេសនោះ គាត់ងាយស្រួលប្តឹងទៅប៉ូលិស អន្តោប្រវេសន៍ដែលនៅក្បែរគាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង”។

បើតាមលោករដ្ឋមន្ត្រីក្រសួង ការងារ ការធ្វើបែបនេះ ដើម្បីកុំឱ្យឧក្រិដ្ឋជនអាច បោកប្រាស់ជនបរទេសមកធ្វើការ នៅប្រទេសកម្ពុជាដោយខុសច្បាប់ បានតទៅទៀត ហើយការដាក់នេះ ក៏បង្ហាញទៅជនរងគ្រោះថា ជនបរទេសនោះ ត្រូវបានគេបោកបញ្ឆោត។
ទោះបីជាបែបណាក៏ដោយ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់តាំងពាក្យនេះ បានបញ្ជាក់ពីឆន្ទៈនិង គោលបំណង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបរវធិតី ហ៊ុន ម៉ាណែត ចង់បង្ក្រាបឱ្យបានទាំងស្រុង នូវបទល្មើសនេះ នាពេលអនាគតបើទោះបីបញ្ហានេះត្រូវការពេលវេលា ដោយសារជាបញ្ហាជាសកលក៏ដោយ៕
