ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ទទួលបានសិស្សជាង៣០០នាក់ សម្រាប់បើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈលេីកដំបូង របស់ខ្លួន

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺទទួលបានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន៣១៥នាក់ សម្រាប់ការបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ជាផ្លូវការនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមលោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ។

បើតាមលោក កែម ជាក់នី ជំនាញទាំង១១ ដែលយុវជនបានមកចុះឈ្មោះចូលរៀននោះមានដូចជា ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលទូរស័ព្ទ ការថែទាំបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការរចនាក្រាហ្វិកកុំព្យូទ័រ សេវាកម្មកុំព្យួទ័រ ការដាំ និងប្រមូលផលដំណាំស្វាយ និងការកែច្នៃបន្លែ និងផ្លែឈើ ។

លោកបន្ថែមថា ជំនាញទាំង១១នេះ សុទ្ធសឹងតែជាជំនាញ ដែលមានតម្រូវការខ្ពស់ ទីផ្សារការងារល្អ ដែលសិក្ខាកាមរៀនចប់ អាចមានប្រាក់ចំណូល សមរម្យសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ ។ ហើយការចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាល ដែលពោពេញទៅដោយសមត្ថភាពផងដែរ។

គូរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ឱ្យអនុវត្តន៍ ជាផ្លូវការនូវការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះ មានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យនឹងទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕

To Top