ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានសម្រេចដាក់ឲ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។
ពេលវេលានៃការផ្តល់សេវា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០
ចំពោះ ករណីពលរដ្ឋមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារដូចជា លិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូតកម្ពុជាប្រចាំនៅបរទេស។
ករណីទារក ឬកុមារមានអាយុក្រោម១៥ឆ្នាំ ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារដូចជា ៖ លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និង សំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។ រយៈពេលផ្តល់៖ លិខិតឆ្លងដែននឹងត្រូវផ្តល់ជូនក្នុងរយៈពេល៤-៥សប្ដាហ៍ គិតចាប់ពីថ្ងៃស្នើសុំ៕