ព័ត៌មានជាតិ

កូរ៉េខាងត្បូង ចេញបញ្ជាឱ្យជម្លៀស ប្រជាជនចេញពីកោះមួយ ដែលនៅជិតនឹងកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាងបង្កហេតុ បាញ់កាំភ្លើងធំ២០០គ្រាប់

AFP

បរទេស៖ កូរ៉េខាងត្បូងបានបញ្ជាឱ្យជនស៊ីវិល នៅលើកោះមួយនៅជិតព្រំដែន ជាមួយប្រទេសកូរ៉េខាងជើង ឱ្យជម្លៀសទៅកាន់ទីជម្រក បន្ទាប់ពីបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានបាញ់ផ្លោងកាំភ្លើងធំ រាប់រយគ្រាប់ដែលជាផ្នែកនៃ “ការបង្កហេតុ” ខាង យោធា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន Yonhap News បានរាយការណ៍ថា បទបញ្ជាជម្លៀសត្រូវបាន ចេញពីរដងនៅរសៀលថ្ងៃសុក្រ ដោយអាជ្ញាធរក្នុងតំបន់ ដោយកត់សម្គាល់ថា វាបានកើតមានឡើងចំពេលដែល “សញ្ញាជាក់ស្តែងនៃការបង្កហេតុ ខាងយោធាដោយកូរ៉េខាងជើង” ។

មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ ត្រូវបានគេដកស្រង់សម្តីដោយ Yonhap ថា “យើងបានប្រកាសការជម្លៀសនេះ បន្ទាប់ពីទទួលបានការហៅទូរស័ព្ទ ពីអង្គភាពយោធាដោយនិយាយថា ខ្លួនកំពុងធ្វើការវាយប្រហារដែនសមុទ្រលើកោះ Yeongpyeong ព្រោះវាមានស្ថានការណ៍ជាមួយនឹង ការបង្កហេតុរបស់កូរ៉េខាងជើង”។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយនៅពេលក្រោយថា កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំប្រហែល ២០០ គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិច របស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ។ គ្រាប់កាំភ្លើងធំបានធ្លាក់នៅតំបន់ការពារ ដែនសមុទ្រដែលត្រូវបានបង្កើតឡើង ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៨ រវាងកូរ៉េទាំងពីរ ទោះបីជាទីក្រុងព្យុងយ៉ាងបានដកខ្លួន ចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top