ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ ចុះពិនិត្យវឌ្ឍនភាពគម្រោង​សាងសង់​ច្រាំងទន្លេ ក្នុងភូមិសាស្ត្រ​ខេត្ត​កណ្តាល​

នៅថ្ងៃសៅរ៍​ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ​​ ២៥៦៧​ ត្រូវនឹងថ្ងៃទី៦ ខែមករា​ ឆ្នាំ​២០២៤​ លោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ​ដោយឯកឧត្តម​​​ថ្នាក់ដឹកនាំ​ មន្ត្រីជំនាញ​បច្ចេកទេសក្រសួង​ និងមន្ទីរ​​ធនធានទឹក និងឧតុនិយមខេត្តកណ្តាល​ ​​បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព គម្រោង​សាងសង់​​ច្រាំងទន្លេបាសាក់​​ ក្នុង​ភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ​ ក្រុងសំពៅពូន​​ ខេត្តកណ្តាល​​។

​សូមជម្រាបថា​​ គិតមកដល់ពេល​នេះ​វឌ្ឍនភាព ​នៃ​ការងារសាង​សង់សំណង់ការពារច្រាំងទន្លេបាសាក់​ បរិវេណ​បង្គោល​ព្រំដែន​លេខ២៤៥/៤(១)​ ​​​​ប្រវែង​១២០០ម​ សម្រេច​បាន​ប្រមាណ​ ៦២% ដែលក្នុងនោះ​រួមមាន​៖ ទី១)​ការងាររៀបបាវការពារចរន្តទឹកបុក​ ហូរច្រោះដីផ្នែកខាងក្រោម សម្រេចបាន១០០% ទី២)​ការងារបុកស្បាន់ផាយ (Spun Pile)  សម្រេចបាន​ ១០០% ទី៣)ការងារបុ​កស៊ីផាយ សម្រេចបាន ៥០% ទី៤) ការងារ​បេតុង​អាមេសម្រេចបាន ១៥% និងទី៥)​ ការងារបំពេញដីសម្រេចបាន ៥%។​ តាមគម្រោង​​ ការងារនេះ​នឹងបញ្ចប់ ក្នុង​ដំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខ។​

ក្នុងឱកាសនោះ​ លោក​រដ្ឋមន្ត្រី បានថ្លែងនូវការ​​កោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាព​ការងារ​ ដែល​សម្រេច​បាន និង​បាន​ណែនាំបន្ថែម ដល់លោកប្រធានមន្ទីរ​ និង​ក្រុមការងារ​បច្ចេកទេស​ឱ្យបន្ត​ នូ​វ​កិច្ច​សហការ​​ល្អ​​ជាមួយអាជ្ញាធរ​ដែន​ដី​ ​និង​​ភាគីពាក់ព័ន្ធទាំងអស់​ ដើម្បីអាចសម្រេចកិច្ចការការពារ​ច្រាំងទន្លេ​បាសាក់​នេះ តាមផែនការ​ដែលបានគ្រោងទុកប្រកបដោយ​គុណភាពខ្ពស់។

ជាមួយគ្នានេះ​​ លោករដ្ឋមន្ត្រី ក៏​​បានណែនាំឱ្យ​​ក្រុមការងារបច្ចេកទេស​ នៃ​នាយកដ្ឋានជលសាស្ត្រ និង​ការងារទន្លេ​​​​ សិក្សាច្រាំងទន្លេបាសាក់នេះ​ នៅផ្នែកខាងក្រោមការដ្ឋាន ដែលមានប្រវែងប្រមាណ​ ៣០០០​ម៉ែត្រ​ គួរមានការសាងសង់បន្ត ដើម្បីទប់ស្កាត់ការហូរច្រោះនៃច្រាំងទន្លេបន្ថែមទៀត។

គួរ​បញ្ជាក់ថា​ ច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែន លេខ២៤៥/៤(១) ត្រូវបានហូរច្រោះ​ដោយ​ចរន្ត​ទឹក​ទន្លេបាសាក់ហូរបុក ជាដំណោះស្រាយបន្ទាន់​​ ក្រសួងធនធានទឹក និងឧតុនិយម​បាន​ធ្វើការ​ ការពារ​បណ្តោះ​​អាសន្ន​ក្នុងប្រវែង​ ​១៥០ម៉ែត្រ​ ក្នុងកំឡុងខែសីហា ឆ្នាំ២០១៩។ ជាបន្ត​ ​ក្រុមការងារ​បច្ចេកទេស​ នៃនាយកដ្ឋានជលសាស្ត្រ និង​ការងារទន្លេបានធ្វើការសិក្សាបច្ចេកទេសលំអិតបន្ថែម ​រហូត​ដល់ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ និង​​បានបន្តសាងសង់ សំណង់ច្រាំងទន្លេបាសាក់​​​ បរិវេណ​បង្គោល​​ព្រំដែន​លេខ២៤៥/៤(១)​​ ស្ថិត​ក្នុង​ភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាលនេះ ប្រវែង ១២០០ម៉ែត្រ​​ ​ជា​សំណង់​រឹង​តែ​ម្តង៕

To Top