ព័ត៌មានជាតិ

វិទ្យាស្ថានបច្ចេកទេស ពោធិ៍សាត់ ​ទទួល​បានយុវជនក្រីក្រ ជាង៦០០នាក់ ចុះឈ្មោះចូលរៀន

ភ្នំពេញ ៖ លោក លឹម ឆៃគ្រី នាយកវិទ្យាស្ថានបច្ចេកទេស ពោធិ៍សាត់បានឱ្យដឹងនៅថ្ងៃទី៦ មករា នេះថា វិទ្យាស្ថានរបស់បានត្រៀម លក្ខណៈសម្បត្តិរួចរាល់ ហើយ ​សម្រាប់​ការ​បណ្តុះបណ្តាល​ជំនាញ ​បច្ចេកទេស​វិជ្ជាជីវៈ ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ ។
វិទ្យាស្ថាន​បានត្រៀម​ដូចជា ថ្នាក់រៀន បន្ទប់ពិសោធន៍ និងអនុវត្តន៍ផ្ទាល់ គ្រូដែលមានសមត្ថភាព បទពិសោធន៍លើការបង្រៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការសម្អាតបរិស្ថាន និងសម្ភារៈបច្ចេកទេសផ្សេងៗផងដែរ។

ការលើកឡើងបែបនេះបន្ទាប់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងការងារនឹងបើកបវេសនកាល ថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ។

បើតាមលោក នាយកវិទ្យាស្ថាន​ ឱ្យដឹងថា ក្រៅពីការត្រៀមលក្ខណៈសម្បត្តិសម្រាប់ថ្នាក់ដំបូង នៅថ្ងៃទី១៥ មករា នេះ វិទ្យាស្ថាន បានទទួលយុវជនមកចុះឈ្មោះ ចូលរៀនបានប្រមាណ ៦៤៥នាក់ ស្រី២៩៦នាក់ ចាប់តាំងពីប្រកាសឱ្យអនុវត្តន៍ជាផ្លូវការ ការបណ្តុះបណ្តាល ថ្នាក់ជាតិនេះ កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៣ កន្លងទៅ។ ក្នុងចំណោម ១០ វិស័យ និង៣០ជំនាញ របស់ក្រសួងការងារសម្រាប់ ការបណ្តុះបណ្តាលថ្នាក់ជាតិនេះ វិទ្យាស្ថានបានជ្រើសរើសវិស័យចំនួន៨ និងជំនាញចំនួន១២។ក្នុងនោះ វិស័យសំណង់ វិស័យអគ្គិសនី និងថាមពល វិស័យកម្មន្តសាល វិស័យមេកានិចទូទៅ និងមេកានិចរថយន្ត វិស័យព័ត៌មានវិទ្យា វិស័យសេវាកម្ម វិស័យបរិក្ខាត្រជាក់ និងកម្តៅ និងជាចុងក្រោយវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ដោយឡែកមាន ជំនាញការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងប្រព័ន្ធម៉ូទ័រអគ្គិសនី ការផ្សារអគ្គិសនី ការថែរទាំ និងជួសជុលរថយន្ត ការថែរទាំជួសជុលម៉ាស៊ីត្រជាក់រថយន្ត ក្រាហ្វិកដោយកុំព្យូរទ័រ សេវាកម្មកុំព្យូទ័រ សេវាកម្មសម្អាងកាយ សេវាកម្មបរិក្ខាត្រជាក់ ក្នុងគេហដ្ឋាន និងការចញ្ចឹមត្រីប្រា។

លោកបន្ថែមថា៖ «ជំនាញទាំងអស់នេះ សុទ្ធសឹងតែមានទីផ្សារការងារល្អនៅក្នុងខេត្ត ប្រាក់ចំណូលសមរម្យ ហើយសិស្សអាចជ្រើសរើសជំនាញ ដែលខ្លួនស្រលាញ់ដែលវិទ្យាស្ថានបានដាក់ជូនខាងលើដោយសេរី។ វិទ្យាស្ថានក៏បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបណ្តុះបណ្តាលថ្នាក់ដំបូងនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ខាងមុខនេះ»។

សម្រាប់ការបណ្តុះបណ្តាល ថ្នាក់ជាតិនេះវិញ លោកមើលឃើញថា ជាការយុទ្ធសាស្រ្តមួយជំរុញ និងលើកកម្ពស់សមត្ថភាពជំនាញ របស់យុវជនមកពីគ្រួសារក្រីក្រ ដែលយ៉ាងហោចណាស់ មានជំនាញ មួយសម្រាប់ជីវិតដើម្បីប្រកបរបរការងារក្នុងគ្រួសារ ។ ជាពិសេសនោះការបណ្តុះបណ្តាល ថ្នាក់ជាតិនេះដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពល្អប្រសើនាពេលអនាគតផងដែរ៕

To Top