កណ្តាល ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធាន ក្រុមការងារ ចុះមូលដ្ឋាន ស្រុកពញាឮ នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសាលាស្រុកពញាឮ ខេត្តកណ្តាល ។
សូមជម្រាបថា អង្គមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា មានការចូលរួមពី ព្រះសង្ឃ លោក លោកស្រី សមាជិកក្រុមការងារ ចុះមូលដ្ឋានស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធាន ការិយាល័យ អង្គភាពជុំវិញស្រុក ប្រធាននិងសមាជិក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស អាជីវករ អាចារ្យគណៈកម្មការវត្ត ហាកឹមទួនវិហារឥស្លាម និងមហាជន សរុបប្រមាណ ៥១៧ អង្គ/នាក់ ។
លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន ខេត្តកណ្តាល បានបង្ហាញនូវក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចូលរួមក្នុងអង្គមីទ្ទីង អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ៧មករាដ៏មហោឡារឹក ដែលជាបុណ្យ របស់ប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យ ពូជសាសន៍នាពេលនេះ ។
បន្ទាប់ពីបានស្តាប់ នូវខ្លឹមសារសុន្ទរកថា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបទី៤៥ ទិវាជ័យជម្នះ៧មករា ដែលបានជម្រាបជូន ដោយ លោករដ្ឋមន្ត្រី អង្គពិធីទាំងមូល បានចូលរួមអបអរ សាទរយ៉ាងក្លៀវក្លា ទិវាជ័យជម្នះ៧មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានជីវិត រស់រានឡើងវិញ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ពេញលេញទូទាំងផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។
ថ្លែងក្នុងអង្គមីទ្ទីងនេះដែរ លោករដ្ឋមន្ត្រី បានបង្ហាញ នូវចំណាប់អារម្មណ៍ដល់អង្គពិធី ដើម្បីជាការយល់ដឹង និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិ ធ្លាក់ក្នុងគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិ ដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណា បដិសេធបានឡើយ។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
ជាចុងក្រោយ ដើម្បីជាសក្ខីភាពនៃការដឹងគុណ ចំពោះបុព្វការីជន៧មករា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី អនុប្រធាន ក្រុមការងារ ចុះមូលដ្ឋានខេត្តកណ្តាលបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសន្តិភាព ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ ការពារ ព្រះមហាក្សត្រ គាំទ្រអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ព្រមទាំងចូល រួមអនុវត្ត កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលតាមអភិក្រម ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព និង បន្តពង្រឹងនិងពង្រីកកេរ្តិ៍មរតក នៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីភាពរុងរឿងថ្កើនថ្កាន របស់ព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត ។
សូមបញ្ជាក់ថា អង្គមីទ្ទីងទាំងមូល ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ៕