ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ចំនួន 1.481 នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃទីតាំងគោលរាជធានីភ្នំពេញ និងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន 1.481 នាក់ នារី 746 នាក់ ដែលបានបញ្ចប់ការសិក្សានៅទីតាំងគោលរាជធានីភ្នំពេញ ចំនួន 687នាក់ សាខាខេត្តព្រះសីហនុ ចំនួន 179នាក់ សាខាខេត្តតាកែវ ចំនួន 364នាក់ សាខាខេត្តស្ទឹងត្រែង ចំនួន 113 នាក់ និង សាខាខេត្តរតនគិរី ចំនួន 138នាក់។
ថ្មីៗនេះនិស្សិតដែលបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិតសរុបចំនួន ៣.៤១១ នាក់ ដែលក្នុងនោះនិស្សិតចំនួន ១.៩៣០ នាក់ ទើបតែបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ដែលបានប្រារព្ធធ្វើឡើងនៅសាខា ស.ប.ប ខេត្តសៀមរាប កាលពីថ្ងៃ១៧ ខែឆ្នូ ឆ្នាំ២០២៣។ នៅឡើយនិស្សិតជ័យលាភីទាំង ១៤៨១ នាក់ ( នារី ៧៤៦ នាក់ ) ពិតជាមានកិត្តិយសវិសេសវិសាលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ នាឱកាសនេះផងដែរ។
ចាប់ពីឆ្នាំសិក្សា ២០០០-២០០១ ដល់ឆ្នាំសិក្សា ២០២២-២០២៣ និស្សិតគ្រប់កម្រិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបៀលប្រាយ សរុបចំនួន ១០៥.០៧៩ នាក់ ( នារី ៣៩.២៩៤ នាក់ ) និង ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ និស្សិតកំពុងសិក្សា សរុបចំនួន ១៣.២៩៨ នាក់ ( នារី ៦.៩៧០ នាក់ )។
ក្នុងរយៈពេលជិត ២៤ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយ បាន និងកំពុងបន្តបំពេញបេសកកម្ម ក្នុងការពង្រីកវិសាលភាពនៃសេវាអប់រំឧត្តមសិក្សា ឲ្យបានទូលំទូលាយដល់អ្នកសិក្សាស្រាវជ្រាវគ្រប់កម្រិតទាំងអស់ ជាពិសេសនៅតាមសាខារាជធានីខេត្តដូចបានគោរពជម្រាបជូនខាងលើ ដោយយកចិត្តទុកដាក់ជាអាទិភាព ទៅលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិត ត្រូវតែមានចំណេះដឹង គុណភាព សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិត ប្រកបដោយការត្រិះរិះពិចារណា, និង មានភាពជាអ្នកដឹកនាំ ដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ។
បន្ថែមពីលើការរៀននិងបង្រៀនក្នុងថ្នាក់ សាកលវិទ្យាល័យ ក៏បាន ពង្រីកវិសាលភាពបច្ចេកវិទ្យាបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិក យ៉ាងទូលំទូលាយ ក្នុងទិសដៅ ឱ្យសាស្រ្តាចារ្យនិងនិស្សិតទាំងអស់ នៅតែបន្តការបង្រៀននិងរៀនតាមពេលវេលា និង កម្មវិធីសិក្សានីមួយៗដោយមិនមានការអាក់ខាននិងរាំងស្ទះឡើយ។
លទ្ធផលនៃការអនុវត្តកម្មវិធីសិក្សាគ្រប់កម្រិត ត្រូវបានពិនិត្យវាយតម្លៃឡើងវិញជាទៀងទាត់ ដោយគណៈកម្មាធិការធានាគុណភាពអប់រំផ្ទៃក្នុង គណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា និង ក្រុមប្រឹក្សាវិទ្យាសាស្រ្តសាកលវិទ្យាល័យ ដើម្បីជាធាតុចូលក្នុងការកែលម្អនិងអភិវឌ្ឍន៍កម្មវិធីសិក្សា ថ្មីៗបន្ថែមទៀត ព្រមទាំងធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល និង គុណភាពនៃលទ្ធផលសិក្សារបស់និស្សិត ត្រូវតែឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារ ទាំងក្នុងក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ព្រមទាំងមានសមត្ថភាពក្នុងការបង្កើតនិងចាត់ចែងអាជីវកម្មផ្ទាល់ខ្លួន។
ជាក់ស្តែងក្នុងឆ្នាំសិក្សា២០២២-២០២៣ កន្លងមកនេះជំនាញនិងឯកទេសក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃមហាវិទ្យាល័យទាំងប្រាំពីរ ត្រូវបានវាយតម្លៃកែលម្អ ព្រមទាំងបញ្ចូលបន្ថែមជំនាញថ្មីៗមួយចំនួនឆ្លើយតបនឹងតម្រូវការនៃអ្នកសិក្សានិងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារ រួមមានបរិញ្ញាបត្ររងនិងបរិញ្ញាបត្រជំនាញនិងឯកទេសការរចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថលស្ថិតក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងធុរកិច្ចលក្ខណៈគ្រួសារ ស្ថិតក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា សម្រាប់ដំណើរការបណ្តុះបណ្តាលចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕