ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យផ្លូវ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់ នៅខេត្តស្វាយរៀង

រូបភាពពី៖​ រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអន្តរក្រសួង មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់នៅខេត្តស្វាយរៀង ។

ផ្លូវទាំង៣ខ្សែនោះរួមមាន៖ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប ១០,១គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ឆ្ពោះដល់ច្រកទ្វារទ្វេភាគីបុសមន ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។ខ្សែផ្លូវទីពីរ៖ ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានប្រវែង ២៧ គីឡូម៉ែត្រ និងផ្លូវខ្សែទី៣៖ប្រវែង ៩,៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ភូមិអភិវឌ្ឍន៍ នៃទីតាំងសម្បទានសង្គមកិច្ចយោធា នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលត្រូវស្ថាបនា ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះ លោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញ របស់ក្រសួងធ្វើយ៉ាងណាត្រួតពិនិត្យបច្ចេកទេសក្នុងការជួសជុលឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់ និងពន្លឿនការជួសជុលឱ្យបានឆាប់ ដើម្បីជាការសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ ក៏ដូចជាការប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ៕

To Top