ព័ត៌មានជាតិ

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ រឹបអូសថ្នាំញៀនជាង ១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនសរុបជាង១គីឡូក្រាម។

ការចុះបង្ក្រាបនេះដោយកម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងក្រោមការសម្របសម្រួល ពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឈានដល់បង្ក្រាបជនសង្ស័យជាបន្តបន្ទាប់។

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គា វ៉ាន់ឆៃ ភេទប្រុស កើតឆ្នាំ១៩៩៨ នៅបណ្តោយផ្លូវជាតិលេខ៤ ភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់បានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ១២៤៩.៨៨ក្រាម (១គីឡូ និង២៤៩.៨៨ក្រាម) និងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស្វាយ សុខការ ភេទប្រុស កើតឆ្នាំ១៩៩៥ នៅបណ្តោយផ្លូវលំ ភូមិសហគមន៍ខាងកើត ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់បានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥.៦៣ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី៕

To Top