ភ្នំពេញ ៖ កម្ពុជា ចិន នឹងរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤, បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ។
ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤»នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិន ក្រោមអធិបតីភាព លោក លី សូឡី(Li Shulei) សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រី ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងសម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា បើយោងតាមការប្រជុំគណកម្មការ អន្តរក្រសួង ដែលដឹកនាំ ដោយក្រសួង ទេសចរណ៍បានអនុញ្ញាតឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមរៀបចំសម្តែងរបាំ និងការប្រគំតន្ត្រីរួមគ្នា ជាមួយភាគីចិន ។
លោក ទិត្យ ថាវរិទ្ធ បន្តថា «របាំទី១ គឺរបាំទេពមនោរម្យ ការប្រគំតន្ត្រីរួមគ្នា រវាងតន្ត្រីកកម្ពុជា និងចិន ការសម្តែងបទចម្រៀងមួយចំនួនទៀត ដោយកុមារចំនួន៥០នាក់ ។ ចំពោះការយល់ឃើញរបស់ខ្ញុំ ការរៀបចំព្រឹត្តិការណ៍នេះ មានសារសំខាន់ណាស់ សម្រាប់ប្រទេសចិន និងកម្ពុជា ។ កម្ពុជា យើងកំពុងត្រូវការវត្តមាន របស់ទេសចរឡើងវិញឱ្យមកកម្ពុជាកាន់តែច្រើន ។ ហើយការផ្សព្វផ្សាយ ទៅកាន់ប្រទេសចិន គឺជារឿងមួយសំខាន់សម្រាប់កម្ពុជា ព្រោះចិនមានប្រជាជន ច្រើនរហូតដល់រាប់លាននាក់ អ៊ីចឹងបើផ្សព្វផ្សាយ ដល់ប្រជាជនចិន ឱ្យមកលេងអង្គរវត្តយើងកាន់តែច្រើន ជាការល្អប្រសើរ សម្រាប់វិស័យទេសចរណ៍ សេដ្ឋកិច្ច វិនិយោគ ដោយផ្ទាល់ និងដោយប្រយោល ។ ព្រឹត្តិការណ៍គឺជាការផ្សព្វផ្សាយពីវប្បធម៌កម្ពុជាដែរ ព្រោះក្រសួងវប្បធម៌ មិនមែនធ្វើតែកិច្ចការវប្បធម៌តែម្យ៉ាងទេ គឺយើងបានធ្វើការជំរុញ ឱ្យសេដ្ឋកិច្ច ទេសចរណ៍ផង និងវប្បធម៌ផង គឺយើងធ្វើការរួមគ្នា ។ អ៊ីចឹងខ្ញុំគិតថា មានសារសំខាន់ណាស់ សម្រាប់ប្រទេសយើងទាំងពីរ ។ »
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរាបានប្រាប់ឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ ក្រុមការពាក់ព័ន្ធ បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ ។
លោកបន្តថា «ការងាររបស់យើង មានការឯកភាពគ្នាជាគោលការណ៍អស់ហើយ ។ ក្រុមការបច្ចេកទេសទាំងអស់ បានចាប់ដៃគ្នា នៃស្ថាប័នពាក់ព័ន្ធទាំងអស់នោះ ។ យើងក៏រំពឹងថា នឹងមានភ្ញៀវទេសចរចិនបានមកទស្សនាប្រទេសយើងកាន់តែច្រើន ឱ្យមានកំណើនឱ្យដូចមុនកូវីដ-១៩ឡើងវិញ ។
សំខាន់ការងារទាំងអស់យើង បានត្រៀមរួចហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ ទាំងកិច្ចការងារផ្សេងៗ ដែលអាជ្ញាធរជាតិអប្សរា កំពុងបំពេញនោះគឺយើងត្រៀមរួចរាល់អស់ហើយ » ។
លោកស្រី ឆាយស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចាត់ទុកថា ព្រឹត្តិការណ៍នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរបានស្វែងយល់ ចែករំលែកបទពិសោធន៍ ព័ត៌មានទៅវិញទៅមក និងបង្កើនភាព ស្និទ្ធស្នាលគ្នា កាត់តែខ្លាំងឡើង។ ហើយឆ្លុះបញ្ចាំងពីភាពរឹងមាំពីមិត្តដែកថែប ដែលចិនតែងតែនៅជាមួយកម្ពុជាក្នុងលំបាកបំផុត ។
លោកស្រី បានបន្តថា « យើងសង្ឃឹមថា មិត្តចិននឹងរាប់ចាប់តាំងពីព្រឹត្តិការណ៍ ហើយជំរុញប្រជាជនរបស់ខ្លួនឱ្យមកកម្ពុជាឱ្យដូចមុនវិបត្តិកូវីដ១៩ ព្រោះថាទេសចរចិនបានដើរតួនាទីសំខាន់ ក្នុងការធ្វើឱ្យមានកំណើនភ្ញៀវទេសចរដែលចូលមកកម្ពុជា ក៏ដូចជាជួយសេដ្ឋកិច្ចជាតិឱ្យមានកំណើន»
ការរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន២០២៤នេះ ស្របទៅនឹងការឯកភាពគ្នា របស់ប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន កាលពីខែតុលាឆ្នាំ២០២៣ ក្នុងការជំរុញនូវគោលនយោបាយគន្លឹះ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងគោលដៅអាទិភាពក្នុងការជំរុញទេសចរចិនមកលេងកម្ពុជា ។ វាក៏ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញ ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ» ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញ ទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះដែរ ក៏នឹងមាន ការផ្លាស់ប្ដូរ វប្បធម៌រវាងគ្នា ដែលជាការបង្ហាញនូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាងទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិត ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕ អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន