ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាយល់ឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដែលជាកម្លាំងសរុបរបស់មហាជន បានចូលរួមយ៉ាងសំខាន់ និងជាផ្នែកមួយជួយដល់ការធ្វើកំណែទម្រងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បន្តមាននិរន្តរភាព និងចីរភាព រហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេល១៤ឆ្នាំមកហើយ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នាថ្ងៃ៩ មករា សម្តេចធិបតីមានប្រសាសន៍ថា “កិច្ចការទាំងអស់នេះ មិនអាចមាននិរន្តរភាព និងចីរភាព ១៤ឆ្នាំ បើគ្មានការគាំទ្រពីមហាជននោះទេ បើសិនជាឆ្នាំទី១, ២០១៤ចេញមក ហើយជាប់ប៉ុណ្ណឹង ឪពុកម្តាយ មហាជននាំគ្នាបាតុកម្ម ឲ្យដកកម្រិតស្តង់ដារកែទម្រង់ហ្នឹងចេញ មិនបាននៅពេលហ្នឹងទេ ។ នេះជាការពិត” ។
សម្តេចធិបតីបន្តមានប្រសាសន៍ថា “បើប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសមិនសាទរនូវការកំណែទម្រង់នោះទេ និងចូលរួមដើម្បីជំរុញកិច្ចការងារនេះទេ មិនបាន១៤ឆ្នាំនេះទេ យើងប្រហែលជាត្រូវកែវាតាំងពីឆ្នាំទី២ (២០១៥) បើថាមហាជនថា មិនបាច់ប្រឡង ទៅអីទៅៗឲ្យតែ១០០%ម៉ងទៅ ប្រាកដជាមិនបាន ។ ប៉ុន្តែផ្ទុយទៅវិញ ការគាំទ្រមហាជន គាំទ្រពីបងប្អូនពីអ្នកក្នុងភូមិ ដើម្បីជំរុញ និងលើកទឹកចិត្តការកំណែទម្រង់នេះ បានធ្វើឲ្យវាជាចលនាមួយដែលខ្ញុំនិយាយថា គឺជាការផ្លាស់ប្តូរនូវផ្នត់គំនិតនៃការប្រឡង និងការជឿទុកចិត្តទៅលើប្រព័ន្ធប្រឡង”។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះកំណែទម្រង់នៃការប្រឡងបាក់ឌុបតាំងពីឆ្នាំ២០១៤ដែលដាក់ចេញដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ។ ដោយសម្តេចបញ្ជាក់ថា ការកែទម្រង់នៃឆ្នាំដំបូងមានត្រឹមតែ១១នាក់ប៉ុណ្ណោះអ្នកជាប់និទ្ទេសA ខណៈនៅឆ្នាំ២០២៤នេះ និទ្ទេសAមាន រហូតទៅដល់១ ៦៧៣ នាក់។
សម្តេចគូសបញ្ជាក់បន្ថែមថា “នេះហើយគឺជាជោគជ័យ ដែលបានកើតឡើងពីកម្លាំងសរុប របស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស” ។
យ៉ាងណាក៏ដោយ ក្នុងតួអង្គសំខាន់ៗ ដែលបានជំរុញឲ្យការកែទម្រង់នៃការប្រឡងបាក់ឌុបមានការរីកចម្រើនបាន ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញតួអង្គសំខាន់ៗ៥ ៖ តួអង្គទី១ ជាសិស្សានុសិស្សខ្លួនឯងផ្ទាល់ , តួអង្គទី២ លោកគ្រូ អ្នកគ្រូ , តួអង្គទី៣ មាតា-បិតា អាណាព្យាបាល និងតួអង្គទី៤ ក្រសួងអប់រំ និងអាជ្ញាធររាជធានីខេត្ត។
សូមបញ្ជាក់ថា ចាប់ពីកំណែទម្រង់ប្រឡងបាក់ឌុប តាំងពីឆ្នាំ២០១៤មក មានសិស្សជាប់និទ្ទេសAសរុបទាំងអស់ចំនួន ៦ ១៥៦នាក់ ។
ក្នុងនោះឆ្នាំ២០១៤ ជាឆ្នាំដំបូងមានចំនួន ១១ នាក់ , ឆ្នាំ២០១៥ មានចំនួន ១០៨ នាក់ , ឆ្នាំ២០១៦ មានចំនួន ៤០៥ នាក់ , ឆ្នាំ២០១៧ មានចំនួន ៤២៤ នាក់ , ឆ្នាំ២០១៨ មានចំនួន ២៩០ នាក់ , ឆ្នាំ២០១៩ មានចំនួន ៤៤៣ នាក់ , ឆ្នាំ២០២១ មានចំនួន ១ ៧៥៣ នាក់ , ឆ្នាំ២០២២ មានចំនួន ១ ០៤៩ នាក់
និងឆ្នាំ២០២៣ មានចំនួន ១ ៦៧៣ នាក់ ៕