ពោធិ៍សាត់ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យជាក់ស្តែង អំពីស្ថានភាព ក្នុងការផ្តត់ផ្គង់ទឹក សម្រាប់ការងារបង្កបង្កើន ផលស្រូវប្រាំងលើកទី២ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមរយៈអាងទឹកលេខ៣ និងលេខ៥។
សូមជម្រាបថា ការងារបង្កបង្កើនផល ស្រូវរដូវប្រាំងលើកទី២ របស់ប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៤ មានចំនួន ៥០ ០០០ ហិកតា ដែលចំនួននេះ លើសពីផែនការកំណត់ប្រចាំឆ្នាំត្រឹម ២០ ០០០ ហិកតា ដែលបរិមាណទឹកអាចស្រោចស្រពបាន ។ បងប្អូនប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ បានសម្រុកធ្វើស្រែប្រាំងលើកទី២ បើទោះបីជា ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ទីរជំនាញ បានជូនដំណឹងជាមុនអំពីស្ថានភាពអាកាស ធាតុនិងបានធ្វើការណែនាំជា បន្តបន្ទាប់កុំឱ្យបន្តធ្វើស្រែប្រាំងបន្ថែមទៀត ដែលអាចប្រឈមនឹង កង្វះទឹកក៏ដោយ ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេច ក្នុងការថែរក្សាទឹកទុក តែដោយមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី៩ ខែមករា នេះ លោកបានណែនាំឱ្យបន្តបើកទឹកអាងទឹកលេខ៣ និងលេខ៥ ដើម្បីបន្តផ្តល់ទឹក ជូនដល់បងប្អូនប្រជាកសិករ ដែលកំពុងបូមយ៉ាងសស្រាក់សស្រាំ ស្រោចស្រពស្រូវប្រាំងលើកទី២ ។
លោករដ្ឋមន្ត្រីបន្តឱ្យដឹងថា នៅខេត្តពោធិ៍សាត់មានអាងទឹកធំៗ លេខ៣ និងលេខ៥ សម្រាប់បម្រើ ឱ្យវិស័យកសិកម្ម និងអាងទឹកលេខ១ សម្រាប់បម្រើឱ្យការផលិតអគ្គិសនី ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា បណ្តាអាងទឹកទាំងនេះពុំទាន់អាចផ្គត់ផ្គង់ទឹក បានគ្រប់គ្រាន់នៅឡើយ ក្រសួងធនធានទឹក និងឧតុនិយមកំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីសាងសង់អាងទឹកថ្មីមួយបន្ថែមទៀត គឺអាងទឹកលេខ២ ដែលអាចផ្ទុកទឹកបានប្រមាណពី ៧០០លាន ទៅ ៨០០លានម៉ែត្រត្រីគុណ សម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹក ដល់វិស័យកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែង ធ្វើស្រែប្រាំង ដោយមិនទុកដី ឱ្យនៅទំនេរ ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងបណ្តារាជធានី-ខេត្តដទៃទៀត ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាទឹក ឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការ ប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ ៖ មួយផ្នែកត្រូវរក្សាទុក សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងមួយផ្នែកទៀត សម្រាប់បម្រើឱ្យការ បង្កបង្កើនផលស្រូវរដូវប្រាំង។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា និងបានអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក ៕