ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ ក្រសួងស្តីពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៅវិមានរដ្ឋសភា។
លោករដ្ឋមន្ត្រី បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីដើមអាណត្តិទី៧។ ក្នុងនោះលោករដ្ឋមន្ត្រី បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ ៦ចំណុច ដែលក្រសួងបានអនុវត្តគ្រប់ជ្រុងជ្រោយ នៅមុនបំណាច់ឆ្នាំ២០២៣ និងអនុសាសន៍៤ចំណុច ដែលនឹងត្រូវធ្វើបន្តតាមផែនការដែលបានដាក់។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍ លោកស្រី ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកោតសរសើរចំពោះវឌ្ឍនភាព គួរឱ្យកត់សម្គាល់សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសម្រេចយ៉ាងច្រើនក្នុងដើមអាណត្តិទី៧នេះ ៕