ព័ត៌មានជាតិ

NEA សហការជាមួយក្រុមហ៊ុនធំៗ ៣ នាំយកឱកាសការងារជិត ១០០ កន្លែងសម្រាប់យុវជន

" "

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយនាំយកឱកាសការងារចំនួន ៩៩ កន្លែងពីក្រុមហ៊ុនធំៗចំនួន ៣ ចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង។

ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន CBS (CTN, CNC, MYTV ក្រុមហ៊ុន MEKONGNET និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI)។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

" "

កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET លើកឡើងថា តាមរយៈកម្មវិធីជាច្រើនរបស់ NEA មានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម MEKONGNET តែងតែងចូលរួម និងគាំទ្រជានិច្ច។ កញ្ញា បន្តថា៖ «យើងបានចូលរួមក្នុងវេទិកាការងារជាមួយនឹង NEA ជាច្រើនលើក ជាក់ស្តែងយើងក៏ទទួលបានបុគ្គលិកជាច្រើនតាមរយៈវេទិកាទាំងនេះផងដែរ»។

" "

កញ្ញាបញ្ជាក់បន្តថា ការសហការជាមួយនឹង NEA នេះផងដែរ ក៏គឺជាផ្នែកមួយក្នុងការជួយផ្តល់ឱកាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើផងដែរ។ ការចូលរួមជាមួយ NEA មិនត្រឹមតែជួយឱ្យយើងទទួលបានបេក្ខជនល្អៗប៉ុណ្ណោះទេតែថែមទាំងអាចជួយផ្សព្វផ្សាយពីសណ្ឋាគារយើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។

កញ្ញា សុខឡេង បញ្ជាក់បន្តទៀតថា ក្នុងវេទិកាការងារ និងកម្មសិក្សានៅថ្ងៃទី១១ ខាងមុខនេះ ក្រុមហ៊ុនមានតម្រូវការបុគ្គលិកជាច្រើនរូប និងច្រើនមុខតំណែងផងដែរ ក្នុងនោះមានផ្នែកមួយចំនួនប្អូនៗដែលទើបសិក្សាឆ្នាំទី១ ក៏អាចដាក់ពាក្យមកធ្វើការងារជាមួយ MEKONGNET ផងដែរ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

To Top