ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យទប់ស្កាត់ការជ្រៀត ចូលគ្រឿងញៀនក្នុងសាលារៀន និងទប់ស្កាត់ជួញដូរមនុស្ស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ បានណែនាំទៅដល់អាជ្ញាធរ ត្រូវទប់ស្កាត់ការជ្រៀតចូលគ្រឿងញៀនក្នុងសាលារៀន ហើយត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះជាបញ្ហាសកល។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បច្ចុប្បន្នបញ្ហាគ្រឿងញៀន និងអំពើជួញដូរមនុស្ស ត្រូវបន្ដរួមគ្នាដោះស្រាយ និងទប់ស្កាត់ឲ្យខានតែបាន។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា «នៅក្នុងសាលាយើងត្រូវតែមានវិធានការ ដើម្បីកុំឲ្យគ្រឿងញៀនវាចូលមកក្នុងសាលារបស់យើង។ យើងនៅថ្នាក់អនុវិទ្យាល័យ ពិតមែនហើយ បើប្រៀបធៀបនឹងវិទ្យាល័យ សកលវិទ្យាល័យ ក្មេងអាយុច្រើនជាង។ ប៉ុន្ដែយើងមិនត្រូវមើលស្រាលដល់សិស្សានុសិស្សដែរ នៅតាមអនុវិទ្យាល័យ។ វា ក៏អាចជាគោលដៅមួយ ដែលគ្រឿងញៀនជ្រៀតចូលបាន បើសិនយើងមិនប្រយ័ត្ន បើវាចូលបានធ្វើឲ្យប៉ះពាល់ទៅដល់អនាគតរបស់យើង»។

ពាក់ព័ន្ធករណីអំពើជួញដូរមនុស្សវិញ សម្ដេច ស ខេងគូសបញ្ជាក់ថា «បញ្ហាជួញដូរមនុស្សក៏ដូចគ្នាដែរ ហើយសព្វថ្ងៃនេះ យើងក៏បានខិតខំប្រឹងប្រែង រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនមក រហូតដល់អាណត្តិនេះ នៅបន្ដយកចិត្តទុកដាក់ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»។

សម្ដេចបន្ដថា បញ្ហាអំពើជួញដូរមនុស្ស គឺជាបញ្ហាសកល មិនមែនមានតែនៅកម្ពុជានោះទេ។ ដូច្នេះកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងការខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ មានសារៈសំខាន់ត្រូវរួបរួមគ្នា ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ សម្ដេច ស ខេង ក៏អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍។ សម្ដេចថា ចាប់ពីថ្នាក់មតេយ្យឡើងទៅ ត្រូវតែរៀនច្បាប់ចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍នឹងកាន់តែស្មុគស្មាញ ដោយសារការអភិវឌ្ឍកាន់តែច្រើនឡើង៕

To Top