ព័ត៌មានជាតិ

ទូតឥណ្ឌូនេស៊ី​ សរសើរវឌ្ឍនភាព​ និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ សម្រេចបាន ត្រឹមជាង ១០០ថ្ងៃ

រូបភាពពី៖​ STPM

ភ្នំពេញ​ ៖​ ក្នុងជំនួបពិភាក្សាការងារជាមួយ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា​ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤​ លោក​ សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា​បានកោតសរសើរចំពោះវឌ្ឍនភាព​ និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ។

ក្នុងឱកាសនៃជំនួបនេះ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី ដែលជាចំណងមិត្តភាពយូរអង្វែងមកហើយ ។

ជាមួយគ្នានេះផងដែរ លោក ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ។ មួយវិញទៀត លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព​ និងសមិទ្ធផល​ជាច្រើន ដែលរាជរដ្ឋាភិបាល អាណតិ្តទី ៧ នេះ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ និងសហការី ព្រមទាំងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការបន្តជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ។

ទន្ទឹមនឹងនេះ សម្តេចធិបតី និង​ ឯកឧត្តម​អគ្គរដ្ឋទូត​ ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ជំរុញការភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរសហគ្រិនវ័យក្មេង ជាដើម ៕

To Top