ព័ត៌មានជាតិ

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាលរកឃើញ មាននិស្សិតក្លែងបន្លំសញ្ញាបត្របាក់ឌុប

ភ្នំពេញ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល មិនលើកលែង មិនយោគយល់ មិនអត់អោន និងមិនអនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនណាបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀត ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១០ មករា បានឲ្យដឹងថា កន្លងមក គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជី ឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល វិស័យសុខាភិបាលនានា ជាបន្តបន្ទាប់។

ក្នុងគោលបំណងបញ្ចប់ការ ក្លែងបន្លំឯកសារសាធារណៈ មានជាអាទិ៍៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ និងលើកកម្ពស់តម្លៃ នៃសីលធម៌សេចក្តីថ្លៃថ្នូរក្នុងសង្គម ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិមាត្រា ៦២៩នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ ចែងថា «ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារ ដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ ទៅ ១០ឆ្នាំ»។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ គូសបញ្ជាក់ថា «ដោយមិនលើកលែង មិនយោគយល់ មិនអត់អោន មិនអនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនដែលបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀត តាមរូបភាពណាក៏ដោយ ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ និស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការ ប្រឡងថ្នាក់ជាតិ លុបឈ្មោះចេញពីបញ្ជីឈ្មោះ និស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យ ចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញទៀតឡើយ»។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បន្ដថា អំពើនៃការក្លែងឯកសារសាធារណៈ ទោះបីបានទទួលសញ្ញាបត្រ ចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ប្រសិនបើ រកឃើញថា មានការប្រើឯកសារក្លែងបន្លំនឹង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដកហូតសញ្ញាបត្រនៅពេលណា ក៏បានដោយមិនគិតពីរយៈពេលសោះឡើយ។ អំពើនៃការប្រើប្រាស់ឯកសារ សាធារណៈក្លែងបន្លំនឹងត្រូវគិតអាជ្ញាយុកាល ចាប់ពីថ្ងៃដែលត្រូវបានរកឃើញ ឯកសារជាកម្មវត្ថុនៃអំពើល្មើស នោះតទៅ (មិនគិតពីថ្ងៃដែលបានប្រព្រឹត្តនោះទេ)។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បន្ថែមថា ដូច្នេះ សូមសិស្សានុសិស្សដែលមានឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការ ប្រឡងថ្នាក់ជាតិ សូមកុំមកដាក់ពាក្យប្រឡងចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល វិស័យសុខាភិបាលនានា ដែលនឹងនាំឱ្យមានផលវិបាកកើតឡើងដល់ខ្លួនឯង ហើយនាំឱ្យខាតបង់ពេលវេលា ថវិកាខ្លួនឯង និង ក្រុមគ្រួសារទាំងមូល ព្រមទាំងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនឯងទៀតផង។ សិស្សានុសិស្ស ដែលមិនមានសញ្ញាបត្រទុតិយភូមិ អាចអញ្ជើញទៅដាក់ពាក្យប្រឡងនៅផ្នែក ឬវិស័យផ្សេងទៀតបាន ៕

To Top