ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ឱ្យដំណើរការសេវា ផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ ដោយមិនចាំបាច់ត្រឡប់មកកម្ពុជាវិញ គឺធ្វើនៅកូរ៉េតែម្ដង។
ការធ្វើលិខិតឆ្លងដែន នៅប្រទេសកូរ៉េ នេះ ដោយអនុវត្តតាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការផ្តល់លិខិតឆ្លងជូនប្រជាពលរដ្ឋ និងពលករកម្ពុជា កំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី១០ មករា បានឱ្យដឹងថា សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន – 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041។ ពេលវេលា នៃការផ្តល់សេវា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីពលរដ្ឋដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង ត្រូវមានឯកសារ ដូចជា៖ លិខិតឆ្លងដែនច្បាប់ដើម (ដែលផុត ឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ នៅបរទេស។

ករណីទារក ឬកុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានឯកសារ ដោយភ្ជាប់បន្ថែមនូវឯកសារ ដូចជា៖ លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និងសំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។ រយៈពេលផ្តល់ លិខិតឆ្លងដែននឹងត្រូវផ្តល់ជូនក្នុងរយៈពេល៤-៥សប្ដាហ៍ គិតចាប់ពីថ្ងៃស្នើសុំ។
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញវីដេអូថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យចាប់ផ្តើមសេវាផ្តល់ លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤តទៅ។ សេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានទីតាំងនៅ អគារបូយ៉ុងថេថ្យុង ជាន់ទី១៤៕
