ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Lee Yong Ho នាយកផ្នែក ថាមពលកកើតឡើងវិញ នៃក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

សូមជម្រាបថា ជំនួបពិភាក្សាការងារនាពេលនេះ គឺផ្តោតលើកិច្ចសហប្រតិបត្តិការនានា របស់ក្រុមហ៊ុនជាមួយក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសលើកិច្ចការងារ អាទិភាពវិស័យធនធានទឹក ដែលក្រសួងបានដាក់ចេញ និងគ្រោងអនុវត្តនាពេលខាងមុខ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ដល់ប្រតិភូក្រុមហ៊ុនកូរ៉េ និងបានអបអរសាទរ ចំពោះក្រុមហ៊ុន SHINSUNG E&G Co., Ltd ដែលបានទទួលជោគជ័យ នៅក្នុងប្រតិបត្តិការអាជីវកម្ម របស់ខ្លួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះការបណ្តាក់ទុន វិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការនាំមកនូវបច្ចេកវិទ្យាបៃតង ដើម្បីជួយប្រទេសកម្ពុជា ក្នុងការកសាងភាពធន់ទប់ទល់ នឹងការប្រែប្រួលអាកាស ។

លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនកូរ៉េ អំពីការងារអាទិភាព របស់ក្រសួង ក្នុងការបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្តិសុខទឹក ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និង ជាចលករជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយភាព ក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តំណាងគណៈប្រតិភូក្រុមហ៊ុនកូរ៉េ លោក Lee Yong Ho បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ។

លោក Lee បានជម្រាបជូនលោករដ្ឋមន្ត្រីថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំៗ ជាច្រើននៅកូរ៉េ ដែលចាប់ដំណើរការ តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះមានបទពិសោធន៍ ៤៥ឆ្នាំ ក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងអាជីវកម្មបរិស្ថានស្អាត(Clean Environment Business) ។

ឆ្លៀតក្នុងឱកាសនេះដែរ តំណាងក្រុមហ៊ុន ក៏បានធ្វើបទបង្ហាញ អំពីគម្រោងសាកល្បង នៃការគ្រប់គ្រង ធនធានទឹក ប្រកបដោយនិរន្តរភាព ដើម្បីកសាងភាពធន់ទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង ដើម្បីស្នើសុំការគាំទ្រ ពីលោករដ្ឋមន្ត្រីផងដែរ ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ ដោយភាព រីករាយ និងសិ្នទ្ធស្នាល ខណៈភាគីទាំងពីរបានសន្យា ពង្រឹងនូវកិច្ចសហប្រតិបត្តិការ នានានៅពេលខាងមុខ ៕

To Top