ព័ត៌មានជាតិ

លោក វង្សី វិស្សុត ណែនាំ ៦ចំណុច ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង​ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារ​ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើជាអធិបតីភាព​ ក្នុងពិធីបិទសន្និបាត​ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានផ្តល់ការណែនាំបន្ថែម ៦ចំណុច ហើយត្រូវផ្តោតលើគុណភាពវិស័យអប់រំ និងសេវាសុខាភិបាល ។

ក្នុងនោះ លោក វង្សី វិស្សុត បានលើកឡើងថា ជាទស្សនវិស័យនៃការអភិវឌ្ឍ ដំណើរការកសាងជាតិកម្ពុជា​ បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដោយបន្តផ្តោតជាសំខាន់ លើរបៀបវារៈធានាបាននូវប្រសិទ្ធភាពសមិទ្ធកម្ម។ ទន្ទឹមនេះ គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះរួមមាន, ម៉្យាងរក្សាចលនការនៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម៉្យាងទៀតកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ រួមមាន៖ ភាពធន់នៃវិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និងសង្គម, និងភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ឆ្នាំ២០២៤ នេះ ជាឆ្នាំទី១ នៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, ដែលនឹងរួមគ្នាបំពេញតួនាទី ជារបៀបវារៈ គោលនយោបាយដ៏សំខាន់ សម្រាប់លើកកម្ពស់ ការអភិវឌ្ឍប្រទេសជាតិយើង ប្រកបដោយទស្សនវិស័យវែងឆ្ងាយ ច្បាស់លាស់ និងនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។ ក្នុងបរិការណ៍នៃការកសាងប្រទេសរយៈពេល ២៥ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំជំនាន់មុនសម្រេចបាននូវសមិទ្ធផលដ៏មហាជោគជ័យ និងជាគុណូបការៈយ៉ាងធំធេង ដែលបានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសថ្មីមួយ ដែលមានឯករាជ ឯកភាពជាតិ ការអភិវឌ្ឍ និងមានអធិបតេយ្យភាពពេញលេញ។ ក្នុងបរិការណ៍ ២៥ឆ្នាំទៅមុខ តម្រូវការក្នុងការអភិវឌ្ឍ នឹងមានការប្រែប្រួល ដោយម្ខាងត្រូវថែរក្សានូវកេរដំណែល របស់ថ្នាក់ដឹកនាំជំនាន់មុន និងម្ខាងទៀតបន្តបុកគ្រឹះកសាងជាតិ ទៅមុខថែមទៀត ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍ ប្រកបដោយសមធម៌ និងចីរភាព ដើម្បីធានាស្ថិរភាពក្នុងសង្គម និងការអភិវឌ្ឍយូរអង្វែង។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបានផ្ដល់គោលការណ៍ណែនាំ លើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន សម្រាប់រដ្ឋបាលថ្នាក់ខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់ ដើម្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងរួមចំណែកអនុវត្ត ប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមមាន ដូចតទៅ៖ ទី១. ការការពារសន្តិភាព និងស្ថិរភាពនយោបាយ, ទី២.ការធានាសន្តិសុខ និងសុវត្ថិភាពសង្គម, ទី៣. ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានៅមូលដ្ឋាន, ទី៤.ការពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី៥. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងខេត្ត និងទី៦. ការចូលរួមអនុវត្តកម្មវិធី គោលនយោបាយនានា របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមសហការ ជាមួយក្រុមការងារអន្តរក្រសួងដឹកនាំ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះត្រួតពិនិត្យ វាយតម្លៃស្ថានភាព នៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបនឹងតម្រូវការចាំបាច់ ចំពោះមុខ និងដំណើរវិវឌ្ឍន៍របស់សង្គមជាតិ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាត ឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់លែង បានប្រើប្រាស់អាស្រ័យផលបណ្តោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ដោយតម្រូវឱ្យធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឃុំ ស្រុក ខេត្ត៕

To Top