ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ​ដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ រយៈពេល​១ឆ្នាំ​

" "

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដឹកនាំដោយ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាប្រធាន, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធាន។ យុទ្ធនាការនេះ ត្រូវមានគណៈកម្មការចម្រុះមួយ ដើម្បីធ្វើជាយន្តការក្នុងការដឹកនាំបញ្ជា និងចាត់តាំងអនុវត្ត និងត្រូវមានលេខាធិការដ្ឋានមួយ ជាសេនាធិការ។

" "

ផ្អែកលើផែនការនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវកសាងផែនការសកម្មភាពជាក់ស្តែង តាមវិស័យនិងតាមភូមិសាស្ត្រនីមួយៗ សម្រាប់ចូលរួមអនុវត្តតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។ ត្រូវមានវិធានការលើកសរសើរ ជូនរង្វាន់សមស្របរៀងរាល់ឆ្នាំដល់បណ្តាអង្គភាព និងបុគ្គល ដែលមានស្នាដៃល្អក្នុងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងមានវិធានការអនុវត្តវិន័យ ឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រី ដែលមានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

" "

សូមបញ្ជាក់ថា លទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន ៨លើក កន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើក ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន ៥៥.៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០.៣០៧នាក់ ចាប់យកសារធាតុញៀន គ្រប់ប្រភេទទម្ងន់ប្រមាណ ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិងវត្ថុតាងជាច្រើនទៀត។ ក្នុងនោះ សមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាប បទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំង ចំនួន ៤៣៥ករណី ឃាត់ខ្លួនមេក្លោង ១៦៤នាក់ និងខ្សែរយៈបណ្ដាញ ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

To Top