ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការងារច្បាប់

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិក ក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។

ការកត់សម្គាល់ប្រកបដោយភាពសុទិដ្ឋិនិយមដូចគ្នានេះត្រូវបានបញ្ជាក់ឡើង ក្នុងឱកាសដែលលោក ស សុខា អនុញ្ញាតជូន លោកPatrick Murphy ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះដែរ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោក Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិបេសកកម្មការទូត ដែលកន្លងមក ឯកឧត្តមតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេលកន្លងមកនេះ និងរំពឹងទុកថាកិច្ចសហប្រតិបត្តិការលើកិច្ចការច្បាប់រវាងភាគីទាំងពីរ នឹងបន្តផ្ដល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត៕

To Top