ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការភ្នំពេញ ឲ្យបុរសឈ្មោះ ពិសិដ្ឋ រតនា ចូលខ្លួនមកបំភ្លឺ ជុំវិញហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ ចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។

តាមរយៈគេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ មករា នេះ អ្នកនាំពាក្យបានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះ៥នាក់ ប្រុស ៣នាក់ ស្រី ២នាក់ បណ្តាលឲ្យស្លាប់២នាក់ប្រុស ។ ចំណែកស្រី២នាក់ របួសធ្ងន់ និងស្រាល ចំនួន១នាក់ ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះ ពិសិដ្ឋ រតនា ។

ការអំពាវនាវឲ្យសាម៉ីខ្លួនមកបំភ្លឺដោយសារតែអ្នករងរបួសធ្ងន់២នាក់នោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យមិនអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចបាន។ ក្នុងហេតុការណ៍នេះអ្នកបើករថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្តម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរ៕

To Top