ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា សភាកម្ពុជា បើកទទួលស្វាគមន៍ជានិច្ច គ្រប់គណៈប្រតិភូ សភាអឺរ៉ុប មកបំពេញទស្សនកិច្ច ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ក្នុងគោលបំណង ដើម្បីធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។
ក្នុងជំនួបជាមួយលោក ហ្សាន ហ្សារ៉ាឌីល (Jan Zahradil) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នាថ្ងៃទី១២ មករា សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ដំណើរទស្សនកិច្ចរបស់លោក ហ្សាន ហ្សារ៉ាឌីល មកកាន់កម្ពុជា ជាពិសេសមកកាន់រដ្ឋសភា ក្នុងការចូលរួមក្នុងសិក្ខាសាលា ដែលមានអត្ថន័យជាស្ពានធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងសភាអឺរ៉ុប កាន់តែរឹងមាំគ្រប់ជ្រុងជ្រោយឡើង ដើម្បីជាផលប្រយោជន៍ ដល់ប្រទេស និងប្រជាជននៃភាគីទំាងពីរ។
សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា បើកទទួលស្វាគមន៍ជានិច្ច ដល់គណៈប្រតិភូសភាអឺរ៉ុប មកបំពេញទស្សនកិច្ច ក្នុងការពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងគោលបំណង ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល» ។
សម្តេចរដ្ឋសភាធិបតី បន្ថែមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប បានផ្តើមឡើងនៅឆ្នាំ១៩៩៤ ហើយភាគីទំាងពីរ បានចុះកិច្ចព្រមព្រៀង ជាមួយគ្នានៅឆ្នាំ១៩៩៧ ។ អឺរ៉ុបជាដៃគូសំខាន់ផ្នែកមនុស្សធម៌ និងពាណិជ្ជកម្មរបស់កម្ពុជា ។ ក្នុងកំឡុង នៃការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សហភាពអឺរ៉ុប បានផ្តល់ជំនួយដល់កម្ពុជាជាថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសម្រាប់កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ចំនួន ២លើក ដោយមានទំហំទឹកប្រាក់សរុប ៤៩៩លានអឺរ៉ូ ។
សម្តេច ឃួន សុដារី និងលោក ហ្សាន ហ្សារ៉ាឌីល បានលើកឡើងថា នៅពេលនេះ ជាពេលវេលាដ៏សំខាន់ស្របពេលដែលកម្ពុជានិងសហភាពអឺរ៉ុប ពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើផលប្រយោជន៍ប្រជាជនជាស្នូល ។ កម្ពុជាទើបរៀបចំការបោះឆ្នោត ដោយជោគជ័យហើយសភាសហភាពអឺរ៉ុប ក៏នឹងរៀបចំការបោះឆ្នោតនៅខែមិថុនា ខាងមុខនេះដែរ ។
សម្តេចរដ្ឋសភាធិការធិបតីថ្លែងថា រដ្ឋសភានិងរាជរដ្ឋាភិបាល អាណត្តិទី៧ បានចេញដំណើរដោយភាពស្វាហាប់ ក្នុងការបម្រើពលរដ្ឋ និងប្រទេសជាតិដោយមានឆន្ទៈខ្ពស់ និងគោលដៅច្បាស់លាស់ ធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ។ ការសម្រេចបាននូវគោលដៅនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ប្រទេសជាមិត្ត ដែលមានសហភាពអឺរ៉ុបមួយផងនោះទេ ៕