ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោកស្រី អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្ត របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំង លោកស្រី កែ សួនសុភី ជាប្រធានកិត្តិយស ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង និងកែសម្រួលសមាសភាព ថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារយេនឌ័រ ក្រសួងមហាផ្ទៃ មួយចំនួនទៀត។
ក្នុងឱកាសនោះ លោកស្រី កែ សួនសុភី សសុខា បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់ បានផ្តល់សេចក្តីទុកចិត្ត និងផ្តល់កិត្តិយសតែងតាំងលោកស្រី ជាប្រធានកិត្តិយស ក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ។ លោកស្រី ក៏បានប្រកាសប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញ តួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានប្រគល់ជូនប្រកបដោយគណនេយ្យភាព ជាមួយនឹងការដាក់ ចេញផែនការគន្លឹះមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចូលរួមអបអរសាទរ ប្រកបដោយជំនឿចិត្តខ្ពស់ចំពោះ លោកស្រីប្រធានកិត្តិយស អនុប្រធានកិត្តិយស ព្រមទាំងសមាជិកក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ថា នឹងបន្តធ្វើឱ្យការងារយេនឌ័រក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលល្អប្រសើបន្ថែមទៀត បន្តពីអាណត្តិនៃការដឹកនាំរបស់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ដ្រី បានបង្ហាញការកត់សម្គាល់ និងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់ ដល់ការអនុវត្តការងារឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ ដែលមានទស្សនៈវែងឆ្ងាយ អនុញ្ញាតឱ្យស្ត្រីទទួលបានសិទ្ធិមាន ជម្រើសក្នុងការដឹកនាំជីវិតរបស់ខ្លួន និងមានកាលានុវត្តភាព ចូលរួមប្រកបដោយសក្តានុពល ក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ៕