ភ្នំពេញ ៖ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីប្រើហិង្សាទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណក សិន្ធុមុខប្រាសាទអង្គរវត្ត។
តាមរយៈគេហទំព័រ ហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នាថ្ងៃទី១៣ មករា នេះ បញ្ជាក់ថា «នាពេលកន្លងទៅថ្មីៗ នេះ ពាក់ព័ន្ធនឹងការប្រើហិង្សា របស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរ លក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខ ប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី»។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចេញមកបកស្រាយថា ស្ថាប័នខ្លួនមិនគាំទ្រចំពោះករណីប្រើហិង្សា ពេលចុះអនុវត្តការងារដូច្នេះឡើយ និងបានដាក់ពិន័យដល់បុគ្គលិកបង្កហេតុនោះឲ្យចុះកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏ណែនាំឲ្យបុគ្គលិករូបនេះ ទៅសុំទោសឳពុក ម្ដាយ និងកុមាររូបនេះ ដោយផ្ទាល់ផងដែរ។
អាជ្ញាធរជាតិអប្សរា ក៏មិនគាំទ្រ និងមិនទទួលយក បានជាដាច់ខាន នូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឲ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុង លក្ខន្តិកៈរបស់មន្ត្រីរាជការ ស៊ីវិល-បុគ្គលិកសាធារណៈ ៕