ព័ត៌មានជាតិ

សម្តេចតេជោ ឌឺដងឱ្យក្រុមប្រឆាំង​តាំងខ្លួនអ្នកក្លាហានថា បើក្លាហានហេត្វអ្វីត្រូវរត់ចោលស្រុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានឆ្លើយតបទៅកាន់ បុគ្គលតាំងខ្លួនជាអ្នកស្នេហាជាតិ និរទេសខ្លួន នៅក្រៅប្រទេសថា បើជាអ្នកខ្លាហានដូចសម្តី ម្តេចកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនមិនទាន់មានរឿងអ្វីសោះ បែរជារត់ចោល សមាជិកបក្សខ្លួនធ្វើអ្វី ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពី លោក អេង ឆៃអ៊ាង លើកឡើងថា សូមជូនយោបល់ទៅមេដឹកនាំនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា « ប្រសិនបើ ភ័យខ្លាច ការគំរាមរបស់ក្រសួងមហាផ្ទៃ គួរលាឈប់ពីនយោបាយបក្សប្រឆាំង ព្រោះ ប្រជាពលរដ្ឋនឹងមិនបោះឆ្នោតឲ្យគណបក្ស ដែលមានមេដឹកនាំភ័យខ្លាចនោះទេ » ។ ដែលសារនេះ បានបញ្ចេញបន្ទាប់ពីក្រសួងមហាផ្ទៃ បានព្រមានទុកជាមុន ចំពោះគណបក្សនយោបាយ ដែលបាន ចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ដែលបំពានច្បាប់ ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ។

សាររបស់សម្តេចតេជោ ទៅកាន់លោក អេង ឆៃអ៊ាង នៅលើបណ្តាញសង្គម នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងថា “តបលេងបន្តិចចុះ ដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ ម្នាក់នេះខំស្រែកពីអាមេរិក ប្រាប់បក្ស
ប្រឆាំងក្នុងស្រុកថា កុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹង ម៉េចរត់ចោលស្រុក កាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួន អត់មានរឿងត្រូវជាប់ខ្នោះសោះ។

សម្តេចតេជោ ប្រធានគណបក្សកាន់អំណាច បានសង្កត់ធ្ងន់ថា “ខំរត់រកងាប់អី កាលពេលនោះ និងមកក្លាហានអីនៅពេលនេះ?” ។

សូមរំលឹកថា ការឆ្លើយឆ្លងគ្នានេះ ចាប់ផ្តើមឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ ថ្មីៗ បានកត់សម្គាល់ឃើញថា ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជា ផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោគគ្រោករបស់ខ្លួន៕

To Top