ភ្នំពេញ៖ ថ្លែងក្នុងមហាសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនៅកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៣ ខែមករាឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យថៅកែ រោងចក្រសហគ្រាសទាំងអស់ ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”ដែលជាអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកាលពីដើមអាណត្តិ ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំង សហគ្រាសមួយជា សហគមន៍សុខសាន្តមួយ ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹង ទទួលបានការលើកទឹកចិត្ត ដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត (A)៣ឆ្នាំផ្ទួនគ្នា ក៏នឹងទទួលបានការលើកលែងអធិការកិច្ច រយៈពេល៣ឆ្នាំឬ៥ឆ្នាំជាប់ៗគ្នាដែរ”។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើត ឱ្យមានវប្បធម៌អនុឡោមភាព វប្បធម៌នៃការគោរពច្បាប់ ដោយស្ម័គ្រចិត្តពីគ្រប់ភាគី ប៉ុណ្ណោះដែលអាច ធ្វើឱ្យនិយោជក និងនិយោជិត អាចរស់នៅជាមួយគ្នា ដោយសុខសាន្តដែល ជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ជំហានទី១ នៃការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនេះ នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យ កាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ ខណៈដែលរោងចក្រក្នុងវិស័យផ្សេងទៀត អាចចូលបានតាមរយៈការស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិ ប្រឡងប្រណាំងសហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយនេះ គឺជាអនុសាសន៍ទី៦ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតដែលបានដាក់ ចេញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដើម្បីសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕


