ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ នៅទ្វីបអឺរ៉ុប

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប ជាង ២ពាន់នាក់ នាពេលនេះ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅទ្វីបអឺរ៉ុប។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញបេសកកម្មដ៏មានសារៈសំខាន់ ចំនួនពីរ នៅទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ។

អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុប នាពេលនេះ រួមមាន ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា ផងដែរ ៕

To Top