ភ្នំពេញ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការគាំទ្រ បេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍ ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ។
ការបង្ហាញការគាំទ្ររបស់ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងជំនួបនេះ លោកស្រី អគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរ ដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។
ក្នុងនេះដែរ លោកស្រី អគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំង នៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេស ដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជា ធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែក ថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក។
លោកស្រី ក៏បានស្នើដល់កម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍ នៃការថែរក្សាវប្បធម៌ នៃការប្រើប្រាស់ភាសាបារាំងផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី បានលើកឡើងថា កម្ពុជាមានមោទនភាព ដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេស ប្រើប្រាស់ភាសាបារាំង។
សម្ដេចធិបតី បានបន្តទៀតថា ក្នុងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ ៤០% ដែលនេះបង្ហាញថា កម្ពុជា នៅតែបន្តចូលរួមយ៉ាងសកម្ម នៅក្នុងការរក្សា និងនិយាយភាសាបារាំង ទាំងក្នុងកិច្ចការរដ្ឋបាលជារួម ក៏ដូចជាការងារទំនាក់ទំនង ជាមួយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក៕