ព័ត៌មានជាតិ

ត្រឹម២សប្តាហ៍ ឃាត់ខ្លួនជនសង្ស័យជិត៧០០នាក់ ពាក់ព័ន្ធបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃ១៥ មករាថា គ្រាន់តែក្នុងរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ គិតពីថ្ងៃ២-១៤ មករា ដើមឆ្នាំ២០២៤នេះ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៦៨២នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម) សរុប២៩០ករណី នៅទូទាំងប្រទេស។

លោក ទូច សុឃៈ បន្តថា តួលេខនេះ គឺជាលទ្ធផលទូទាំងប្រទេសដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗនៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ស្របតាម នីតិវិធីដែលកំណត់ដោយច្បាប់ និងមានការចូលរួមផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។

អ្នកនាំពាក្យបន្ថែមថា ជនសង្ស័យទាំង៦៨២នាក់នេះ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធន់ល្មម ខណៈសមត្ថកិច្ចក៏បានចាត់ការលើករណីជួយដូរទ្រង់ទ្រាយធំមួយករណីផងដែរ នៅថ្ងៃទី៨ ខែមករា ។ ទ្រង់ទ្រាយធំនេះកើតឡើងនៅច្រករបៀងអូរតាលឹម ក្នុងភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ចាប់យកវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១៦០កញ្ចប់ ទម្ងន់១៥៩គីឡូក្រាម និង៤៤៩.៨៦ក្រាម ព្រមទាំងគោយន្តកន្ត្រៃ១គ្រឿង ខណៈជនសង្ស័យ២រូបភេទប្រុស រត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប៕

To Top