ព័ត៌មានជាតិ

UN៖ ជនភៀសខ្លួនចេញពីប្រទេសស៊ូដង់ កើនឡើងរហូតដល់ជាង ៧,៤លាននាក់

AFP

KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល នៃកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនពលរដ្ឋដែលបានភៀសខ្លួន ចេញពីសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានកើនឡើងលើសពី៧,៤លាននាក់ ។

អង្គការ OCHA បានឲ្យដឹងនៅក្នុងការក្រែសម្រួល ទិន្នន័យជាចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា “ពលរដ្ឋជាង៧,៤លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេសស៊ូដង់ គិតចាប់តាំងពីមានការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។

អង្គការខាងលើបានកត់សម្គាល់ថា ចំនួនពលរដ្ឋផ្លាស់ទីលំនៅ ក្នុងប្រទេសស៊ូដង់បា នកើនឡើងប្រហែល ៦១១.០០០នាក់គិតក្នុងរយៈពេល១ខែកន្លងមកនេះ ជាមួយនឹងការផ្លាស់ទីលំនៅថ្មី ជាច្រើនចេញពីរដ្ឋ Gezira និងរដ្ឋដទៃៗទៀត ។

អង្គការ OCHA បានឲ្យដឹងថា “ការពង្រីកការប្រយុទ្ធគ្នារវាងក្រុម SAF និងកងទ័ព RSF ឆ្ពោះទៅកាន់តំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេសស៊ូដង់ ដែលជាតំបន់ផលិតកម្មដំណាំរបស់ប្រទេសនេះ បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃតម្រូវការខាងផ្នែកមនុស្សធម៌” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top