ព័ត៌មានជាតិ

ចាប់ខ្លួនមន្រ្តីគណបក្សភ្លើងទៀន២រូប មិនពាក់ព័ន្ធសកម្មភាពនយោបាយឡើយ

ភ្នំពេញ ៖ ករណីឃាត់ខ្លួន ឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ និងអ្នកស្រី ឆាយ ចិន្តា ចលនាស្ត្រីខណ្ឌជ្រោយចង្វារបស់គណបក្សភ្លើងទៀន គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគម្រាម កំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ ។ នេះបើលោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ និងលោក ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃចេញមកបកស្រាយ តបទៅកាន់គណបក្សភ្លើងទៀត ក៏ដូចជាមហាជន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ មករានេះ បានឲ្យដឹងថា ការឃាត់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈនេះ ដោយមានបណ្តឹងពីជនរងគ្រោះ៣នាក់កាលពីថ្ងៃ១១ មករា ដែលប្តឹងលោកខឹម ចាន់វណ្ណៈ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ របស់ពួកគាត់ ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាម បេក្ខជនបម្រុងក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ តាមរយៈការផ្ដល់ភស្តុតាងពីសាមីជនរងគ្រោះទាំង៣រូប សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ”។

លិខិតបញ្ជាក់ថា “ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាម កំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ”។

ប្រភពខាងលើក៏បានបញ្ជាក់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យខឹម ចាន់វណ្ណៈ ចូលខ្លួន ពាក់ព័ន្ធ សំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ បញ្ជូនទៅតុលាការតាមនីតិវិធី នាថ្ងៃទី១៦ ខែមករា នេះ។

ជាមួយគ្នានេះ អ្នកនាំពាក្យក៏បដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន និងស្នើដល់មហាជន មិនត្រូវមានការភាន់ច្រឡំ ចំពោះព័ត៌មានបំផ្លើសរបស់គណបក្សភ្លើងទៀនឡើយ ។

ចំពោះករណីនេះ លោកទូច សុឃៈក៏អះអាងស្រដៀងនឹងសេចក្តីប្រកាសព័ត៌មានរបស់លោក សំ វិច្ឆិកាដែរថា ការចាប់ខ្លួនបុរស និងស្រ្តីដែលជាមន្រ្តីគណបក្សភ្លើងទៀនេះ អនុវត្តទៅតាមដីកាតុលាការ “ប៉ុន្តែមិនមែនចាប់ខ្លួននៅក្នុងបទល្មើសនយោបាយទេ ឬមិនមែនជាការធ្វើទុក្ខុបុកម្នេញដោយសកម្មភាពនយោបាយទេ គឺដោយសារគាត់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺក្លែងបន្លំស្នាមមេដៃ ឬក៏ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង”។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោស ចំពោះអាជ្ញាធរក្រុងភ្នំពេញដែលបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ។ គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សខ្លួន មុនការបោះឆ្នោតព្រឹទ្ធសភានិងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ។

បក្សភ្លើងទៀតអះអាងថា លោក ខឹម ចាន់វណ្ណៈ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចប្រមាណ២០នាក់ ចាប់ខ្លួនដោយមិនមានបង្ហាញដីកា នៅគេហដ្ឋានរបស់លោក នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

To Top