ភ្នំពេញ ៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប(EU)ប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះគោលនយោបាយកែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។
ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងឱកាសលោកទូតអឺរ៉ុប ចូលជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសហភាពអឺរ៉ុប ដែលកន្លងមកបានចូលរួមក្នុងដំណើរការអភិវឌ្ឍកម្ពុជា តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រគម្រោង និងគាំទ្របច្ចេកទេសផ្សេងៗជាបន្តបន្ទាប់ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រយៈពេលជាង ៣០ឆ្នាំមកនេះ។
លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះគោលនយោបាយកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាបំណងក្នុងការស្វែងយល់អំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនលោកទូត នូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តចក្ខុវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាពិសេសលើវិស័យមុខងារសាធារណៈរួមមាន៖ ការកែទម្រង់ប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការគិតគូរប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធិកម្ម ព្រមទាំងវិធានគន្លឹះ និងគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈកាលខ្លី មធ្យម និងវែង ដូចដែលបានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ និងក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។
ជំនួបក្នុងថ្ងៃនេះ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំទាំងពីរ ធ្វើការពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើវិស័យមុខងារសាធារណៈ ព្រមទាំងចែករំលែកព័ត៌មាន ស្វែងយល់ពីគ្នាទៅវិញទៅមកលើប្រធានបទផ្សេងៗរួមមាន ការងារវិមជ្ឈការ និងវិសហមជ្ឈការ និងការដឹកនាំវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរផងដែរ។
លើសពីនេះទៀតសោត តាមរយៈជំនួបនេះ នឹងរួមចំណែកដល់ការបើកទូលាយ ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសក្នុងវិស័យមុខងារសាធារណៈ ហើយជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តរីកចម្រើនទៅមុខ ដែលនឹងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ ៕