ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ យន្តការច្រកចេញចូលតែមួយ ទទួលការសាទរពីស្វីស អាល្លឺម៉ង់ និងធនាគារពិភពលោក

ភ្នំពេញ ៖ ការប្រព្រឹត្តិទៅយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នៃយន្តការច្រកចេញចូលតែមួយ ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗ នោះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋ សាទរនោះទេ ប៉ុន្តែយន្តការច្រកចេញ ចូលតែមួយ ទទួលការសាទរទាំងពីប្រទេសស្វីស អាល្លឺម៉ង់ និងធនាគារពិភពលោក ។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមករា លោកបណ្ឌិត ស សុខា លើកឡើងយន្តការច្រកចេញចូលតែមួយ បាននិងកំពុងដំណើរការនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រយៈពេល១៣ឆ្នាំមកហើយ ដោយទទួលបានការពេញចិត្ត និងអបអរសាទរជាអតិប្បមា ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវានានា ។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា មិនត្រឹមតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ យន្តការច្រកចេញចូលតែមួយ ក៏ទទួលបានការសាទរពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ជាដៃគូផងដែរ តួយ៉ាងរដ្ឋាភិបាលស្វីស រដ្ឋាភិបាលអាល្លឺម៉ង់ និង ធនាគារពិភពលោក សុទ្ធតែបង្ហាញការទទួលស្គាល់ដូចៗគ្នា អំពីគុណភាពនិងភាពលឿនរហ័ស ធៀបនឹងបណ្ដាប្រទេស ក្នុងតំបន់អាស៊ាន លើការពង្រីកយន្តការពីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតបច្ចុប្បន្នកំពុងបន្តពង្រីកដល់ថ្នាក់ឃុំ សង្កាត់ ។

លោកបន្ថែមទៀតថា គិតត្រឹមដើម ឆ្នាំ២០២៤ នេះ គ.ជ.អ.ប. បានសម្របសម្រួល ការផ្ទេរមុខងារ ជាមួយក្រសួង-ស្ថាប័ននានា បានប្រមាណ ជាង៨០០មុខងារ ខណៈរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្ដេជ្ញាចិត្ត ក្នុងការពង្រីកការផ្ទេរមុខ ងារបន្ថែមទៀតជាជំហ៊ានៗ ជាក់ស្ដែងនៅដើមឆ្នាំ២០២៤នេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានទទួលការផ្ទេរមុខងារ គ្រប់គ្រងវិស័យអប់រំ ។

ពីវេទិកាអធីបតីនោះដែរ លោក ស សុខា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តថែរក្សាការពារសុខសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រកបានដោយកម្រ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ការអនុវត្តកម្មវិធីស្ដង់ដារ សាលារៀន គម្រូរបស់រាជរដ្ឋាភិបាល ការបន្តប្រយុទ្ធប្រឆាំង គ្រឿងញៀន ការថែរក្សាការពារទ្រព្យសម្បត្តិសាធារណៈ រួមទាំងសមិទ្ធផល ដែលសម្ពោធនាថ្ងៃនេះ ព្រមទាំងបានអំពាវនាវមាតាបិតា និងអាណាព្យាបាលបន្តការជំរុញ និងគាំទ្រកូនចៅឱ្យបានបន្តការសិក្សា យ៉ាងហោចណាស់ចប់ថ្នាក់ទី១២ ៕

To Top