ភ្នំពេញ៖ ពិតណាស់ នៅពេលយើងធ្វើអំពើល្អ យើងរមែងជួបសំណាងល្អ និងទទួលបានផលល្អ មកវិញ តែជាជ្រុងមួយនៃគំនិត សម្រាប់ត្រិះរិះពិចារណា តាមរយៈវីដេអូខ្លីមួយ បានបង្ហាញ ឲ្យឃើញពីការស្លាប់របស់សត្វចាបស្រុក ដែលជាប្រភេទសត្វចាប ដែលគេចូលចិត្តចាប់ដាក់ទ្រុង ហើយយកទៅលក់ ឲ្យអ្នកដែលមានចិត្តជ្រះថ្លា ចង់ចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយឲ្យសត្វទាំងនោះ មានសេរីភាព ។
យោងតាមបុរសម្នាក់ ដែលមើលតាមសកម្មភាព ជាអ្នកចូលចិត្តប្រមាញ់រូបភាព សត្វស្លាប មានឈ្មោះគណនី ហ្វេសប៊ុក Lino Phan បានបញ្ចេញវីដេអូខ្លីមួយ កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២៤ កន្លងទៅ បានបង្ហាញឲ្យឃើញថា សត្វចាបប្រភេទ ចាបស្រុក ជាច្រើនក្បាល បានងាប់ក្បែរៗគ្នា ដែលបុរសខាងលើ បានបញ្ជាក់ថា នេះគឺជាសត្វស្លាបដែលបងប្អូនមួយចំនួនបានធ្វើបុណ្យ(លែងចាប)។ បន្ទាប់ពីលែងរួចអ្នកមេីលទៅនេះ តេីអ្នកទទួលបានបុណ្យច្រើនណាស់ហេីយមែនដែរឬទេ?
បុរសម្នាក់នេះ បានចោទសួរថា “តេីអ្នកគិតថាការព្រលែងសត្វពិតជាបានបុណ្យប្រាកដមែនទេ? មានដឹងទេ ថាអ្នកកំពុងតែសាងបាប ដោយប្រយោលហេីយ”។
បុរសខាងលើ បន្តថា “កូនៗក្នុងសំបុកកំពុងតែរង់ចាំចំណីចំណុកពីមេបា ដោយមិនដឹងថាម្ដាយរបស់ខ្លួន ត្រូវស្លាប់ដោយសារតែគេទាក់យកមកលក់ (មិនមានចំណី ហេីយជាប់ក្នុងទ្រុងទៀត) ចុះកូនៗក្នុងសំបុកអាចនៅរស់ទេបេីគ្មានចំណី? “គ្មានការព្រលែងសត្វស្លាប គ្មានអ្នកដាក់អន្ទាក់យកសត្វស្លាបមកលក់”។
តាមរយៈវីដេអូនេះ ត្រូវបាន លោក Lino Phan បញ្ជាក់ថា ថតនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។
ជារួមការលែងសត្វ ជាប្រពៃណីទៅហើយ ឬអាចនិយាយបានថា ពលរដ្ឋខ្មែរយើង ពេលទៅទីណា មកណា នៅពេលដែលឃើញ គេយកចាប ដែលនៅក្នុងទ្រុង មកលក់ ប្តូរជាមួយថវិកា ដើម្បីឲ្យយើងព្រលែង ដែលកាលនេះ សំដៅដល់ការ ជួយឲ្យសត្វស្លាបទាំងនោះមានសេរីភាព ហើយយល់ថា ការជួយឲ្យសត្វស្លាបទាំងនោះមានសេរីភាព និងនាំមកនូវលាភសំណាង និងបានជាបុណ្យកុសលត្រឡប់មកជាក់ជាមិនខាន ប៉ុន្តែតើយើងអាចដឹងទេថា សត្វដែលជាប់ទ្រុងទាំងនោះ តើហេតុអ្វីបានវាមកនៅក្នុងទ្រុងរបស់គេជាច្រើនក្បាលហើយ មិនចេះអស់ទៅទៀត?៕