ព័ត៌មានជាតិ

ក្រុមហ៊ុន Bühler ស្វីស សន្យានាំយកបច្ចេកវិទ្យាទំនើប មកចូលរួម អភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នូវបំណងនាំយក នូវបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកស្រី Mary Akinyi Olwal បានលើកឡើង ពីវឌ្ឍនភាពរនៃសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុន Bühler Group ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅកម្ពុជា។

លោកស្រីនាយិកា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីក នូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នេះគឺនៅតែបន្តយកចិត្តទុកដាក់ នៅក្នុងការផ្ដល់អាទិភាព ទៅលើវិស័យកសិកម្ម តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។

សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីក និងការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធានមនុស្ស និងការស្ដុកទុកផលិតផលកសិកម្ម ក្នុងបរិមាណច្រើន និងរយៈពេលយូរ។

សម្ដេចធិបតីបានលើកទឹកចិត្ត ដល់ក្រុមហ៊ុន បន្តកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសហការគាំទ្រ និងលើកកម្ពស់ដល់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍៕

To Top