ព័ត៌មានជាតិ

ក្រសួងរ៉ែ ប្ដេជ្ញាបញ្ចប់រាល់ សកម្មភាពរ៉ែអនាធិបតេយ្យ និង ជំរុញឱ្យមានការធ្វើ អាជីវកម្មរ៉ែស្របច្បាប់

ភ្នំពេញ៖ បន្ទាប់ពីបើកប្រតិបត្តិការបង្រ្កាប និងរកឃើញជាបន្តបន្ទាប់ នូវទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅភូមិសាស្ដ្រ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ជាថ្មីម្តងទៀតថា នឹងបន្តប្ដេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និង ជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីការបន្តទប់ស្កាត់សកម្មភាពអាជីវកម្មរ៉ែ អនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បន្ទាប់ពីបាន បើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ លើទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅភូមិសាស្ដ្រ ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែនិងថាមពល បានទទួលការស្វាគមន៍ ពីប្រជាពលរដ្ឋជាទូទៅ ជាពិសេសពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយ បងប្អូនប្រជាពលរដ្ឋបានបន្តចូលរួមសហការផ្ដល់ព័ត៌មាន អំពីវត្តមានអាជីវកម្មរ៉ែមាសលួចលាក់ខុសច្បាប់ ដទៃផ្សេងទៀតនៅក្នុងតំបន់ខាងលើ។

ជាក់ស្ដែង គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែនិងថាមពល បានទទួលព័ត៌មាន និងរកឃើញទីតាំងអាជីវកម្មរ៉ែមាស ខុសច្បាប់លួចលាក់ចំនួន ៣(បី)ទីតាំង បន្ថែមទៀត នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពីការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ក្រសួងរ៉ែនិងថាមពល ដោយមានមន្ទីររ៉ែនិងថាមពល ខេត្តត្បូងឃ្មុំ ជាសេនាធិការ បានសហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យ និងទប់ស្កាត់ ព្រមទាំងបានណែនាំដល់ម្ចាស់ទីតាំង អាជីវកម្មរ៉ែមាសអនាធិបតេយ្យទាំងនោះ អំពីនីតិវិធី ច្បាប់និងផលប៉ះពាល់ ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន។ បន្ទាប់ពីទទួលបានការណែនាំ ម្ចាស់ទីតាំង ទាំងអស់បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព អាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួន។

ជាថ្មីម្តងទៀត ក្រសួងរ៉ែនិងថាមពល នឹងបន្តប្ដេជ្ញាបញ្ចប់នូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យ និង ជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ ជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភព ចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួម ចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ និងការការពារពីច្បាប់។

ក្នុងន័យនេះ ក្រសួងរ៉ែ និងថាមពល សូមថ្លែងអំណរគុណចំពោះសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តយន្តការទប់ស្កាត់ អាជីវកម្មរ៉ែអនាធិបតេយ្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលផ្ដល់ទំនុកចិត្ត នឹងចូលរួមសហកាក្នុងយន្តការ
របស់ក្រសួងរ៉ែ និងថាមពល។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួម សហការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យ មកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧ ដើម្បីក្រសួងមានលទ្ធភាពចាត់វិធានការទាន់ពេល៕

To Top