ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ត្រូវការ អភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករ​​ អភិវឌ្ឍប្រទេស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្រ្តជាច្រើន ដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការ អភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេស ។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិ​​ នៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា រក្សាបាននូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យក នូវឤទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសនៃជំនួប លោក Tony Blair បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងថា វិទ្យាស្ថានបម្រែបម្រួលសកល Tony Blair បាននិងកំពុងជួយគាំទ្រ ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើន ហើយក្នុងនោះក៏មានប្រទេស នៅក្នុងតំបន់អាស៊ានផងដែរ។

ជាមួយនេះ លោក Tony Blair បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា ដោយលោកបានជម្រាបសួរសម្ដេចធិបតី បន្ថែមអំពីគោលនយោបាយ អាទិភាពសំខាន់ៗ មួយចំនួនរបស់កម្ពុជា ដែលរួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម។

ក្នុងនោះសម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការពង្រឹង អភិបាលកិច្ចល្អ ហើយវិស័យកសិកម្ម នៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការការផ្លាស់ប្តូរ ពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បង លើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។ ចំពោះវិស័យថាមពល និងបរិស្ថាន សម្ដេចធិបតី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា សម្រេចបាន ៦២% នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។

សម្តេចធិបតី បញ្ជាក់ថា “កម្ពុជាក៏បានសម្រេច បញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រ ផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ផងដែរ។ សម្ដេចធិបតីបានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្រ្តជាច្រើន ដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការ អភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេស ស្របតាមការវិវត្ត នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន”៕

To Top